ភ្នំពេញ ៖ នៅសល់៣ថ្ងៃទៀត ដល់ថ្ងៃនៃការប្រកួត របស់អត្តពលិកហែលទឹក ជម្រើសជាតិកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិកតូក្យូ វេលាម៉ោង ៥:០០ល្ងាច ម៉ោងនៅកម្ពុជា នៅមណ្ឌលហែលទឹក Tokyo Aquatics Centre (Tokyo 2020) ។
អត្តពលិកកីឡាហែលទឹកកម្ពុជា ២រូប នឹងត្រូវប្រកួត នាល្ងាចថ្ងៃទី៣០ ខែកក្កដា នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre លើវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា ក្នុងនោះកីឡាករ ហែម ប៊ុច ត្រូវប្រកួតសេរីទី៤ និងខ្សែបន្ទាប់ទី៦ ខណៈកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ និងខ្សែបន្ទាប់ទី៥ រីឯកីឡាករអត្តពលកម្ម ប៉ែន សុគង់ ត្រូវប្រកួតនារសៀលថ្ងៃទី៣១ ខែកក្កដា លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ។
សម្រាប់អត្តពលិកហែលទឹក ជម្រើសជាតិកម្ពុជា បានប្រឹងប្រែងហ្វឹកហាត់ និងបានប្រមូលអារម្មណ៍យ៉ាងល្អ ក្នុងការត្រៀមខ្លួន សម្រាប់ការប្រកួត ហើយកត្តា សុខភាពគឺល្អធម្មតា ដោយមិនមានបញ្ហាអ្វីទាំងអស់ ដូច្នេះយើងសូមជូនពរដល់អត្តពលិក របស់យើងឲ្យទទួលបានជោគជ័យ ក្នុងការប្រកួតនេះ ។ដោយ៖លី ភីលីព