Manny Pacquiao ត្រូវបានគេដកខ្សែក្រវាត់ស្ថាប័ន WBA ប្រភេទទម្ងន់ Welterweeight កាលពីឆ្នាំ២០១៩ ដោយសារតែគេអសកម្ម ក្នុងការប្រកួត។
សម្រាប់ពេលនេះ Pacquiao ទទួលបានឱកាសមកដណ្ដើមខ្សែ ក្រវាត់របស់ខ្លួនវិញ ជាមួយកីឡាករគុយបា Yordenis Ugas នៅថ្ងៃទី ២១ ខែ សីហា។ តាមគម្រោងបានរៀបចំជើងខ្លាំងរបស់ហ្វីលីពីនត្រូវជួប Errol Spence ប៉ុន្តែដោយសារដៃគូរបស់របួសភ្នែក ទើបផ្លាស់ប្ដូរសមាសភាពកីឡាករ។
ក្នុងសន្និសីទកាសែទមួយ Pacquiao បានរំឮករឿងរបស់ខ្លួនថា៖ “Ugas គឺជាម្ចាស់ខ្សែក្រវាត់ម្នាក់ ព្រោះតែពួកគេឲ្យខ្សែ ក្រវាត់របស់ខ្ញុំទៅគាត់។ ពេលនេះ ពួកយើងត្រូវដោះស្រាយវានៅលើសង្វៀន។ ខ្ញុំមិនអាចមើលស្រាលគេបានទេ ”។
Pacquiao បានគ្រប់គ្រងខ្សែក្រវាត់ WBA ប្រភេទទម្ងន់ Welterweeight កាលពីខែ កក្កដា ឆ្នាំ ២០១៩ ក្រោយយកឈ្នះ Keith Thurman។ តាមច្បាប់របស់ស្ថាប័ន WBA ម្ចាស់ខ្សែក្រវាត់ត្រូវចេញការពារជើងឯក របស់ខ្លូនក្នុងរង្វង់រយៈពេល៩ខែ រាប់ចាប់តាំងពីថ្ងៃឈ្នះ។ ក្នុងពេលវេលា៩ខែនេះ ម្ចាស់ខ្សែក្រវាត់មិនបានចេញប្រកួត នោះស្ថាប័នមានសិទ្ធិដកខ្សែក្រវាត់។
Pacquiao ខកខានគោរពតាមច្បាប់ របស់ស្ថាប័នទើបខាង WBA សម្រេចដកខ្សែក្រវាត់។ ក្រោយមកឆ្នាំ២០២០ WBA បានរៀបចំឲ្យ Ugas ប៉ះជាមួយកីឡាករអាមេរិក Abel Ramos រួចក៏ឈ្នះក្លាយជាជើងឯកថ្មី៕