កីឡា

លោក វ៉ាត់ ចំរើន ចុះត្រួតពិនិត្យ ការងារការសាងសង់ ពហុកីឡដ្ឋានជាតិ មរតកតេជោ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា និងអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ហើយ ចំណែកចិន នឹងពិធីប្រគល់ សមិទ្ធផលប្រវត្តិសាស្ដ្រ នេះគ្រោងធ្វើឡើង នៅខែតុលា ឆ្នាំ២០២១ ។

លោក វ៉ាត់ ចំរើន បន្ថែមថា ពហុកីឡដ្ឋានជាតិមរតកតេជោ មានលក្ខណៈបច្ចេកទេសស្របតាមស្ដង់ដារ អន្ដរជាតិ ដោយមានការរៀបចំ តាមលំដាប់លំដោយ មានសណ្ដាប់ធ្នាប់ល្អ គ្រប់កន្លែង ទាំងបន្ទប់ កន្លែងបច្ចេកទេស និងកន្លែងផ្សេងៗទៀត បានបែងចែកត្រឹមត្រូវ សូម្បីច្រកចេញ-ចូល ពោលគឺត្រូវ នឹងស្ដង់ដារ ពហុកីឡដ្ឋានជាតិអន្ដរជាតិ ដែលអាចទទួលរៀបចំកម្មវិធី និងការប្រកួត បានគ្រប់កម្រិត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពីលំដាប់ទាបដល់លំដាប់ខ្ពស់បំផុត ។

យើងកំពុងតែពិនិត្យ មើលលទ្ធភាព និងពេលវេលា ហើយខាងក្រុមហ៊ុនសាងសង់ចិន ក៏បានដកកម្មករជំនាញ ទៅវិញបណ្ដើរៗ ហើយត្រៀមរៀបចំ បណ្ដុះបណ្ដាលកម្មករខ្មែរ ជំនាញការខ្មែរ និងវិស្វករខ្មែរ កំពុងរៀបចំបណ្ដើរៗ រហូតដល់ថ្ងៃប្រគល់ និងទទួល ដែលតាមគម្រោង អាចក្នុងខែតុលា។

ប៉ុន្ដែជាទូទៅគណៈកម្មការពិនិត្យបច្ចេកទេស ទាំងភាគីចិន ស្ថានទូតចិននៅកម្ពុជា ក៏ដូចគណៈកម្មការត្រួតពិនិត្យដឹកនាំដោយលោកបណ្ឌិត ថោង ខុន គឺបានឯកភាពគ្នាអស់ហើយ គឺថា សំណង់ទាំងមូល និងបច្ចេកទេស មានលក្ខណៈគ្រប់គ្រាន់អស់ហើយ ទាំងទីលានបាល់ទាត់ និងទីលានអត្តពលកម្ម មានគ្រប់ទាំងអស់ ស្របតាមស្ដង់ដារទាំងអ​ស់​ ។ នេះគឺជាសមិទ្ធផលថ្មីមួយ ហើយយើងសង្ឃឹមថា យើងនឹងទទួលនូវមោទនភាពជាតិ ទាំងអស់គ្នា ចំពោះការទទួលបាននូវសមិទ្ធផលថ្មី ដ៏មហាសាល ក្នុងសម័យតេជោពេលនេះ៕

Most Popular

To Top