លោក Leonardo ប្រធានផ្នែកកីឡានៅក្លឹប PSG បានបញ្ជាក់ច្បាស់ថា Kylian Mbappe ពិតជាចង់ចាកចេញពីក្រុម PSG មែន ប៉ុន្តែក្រុម Real Madrid ក៏កំពុងលេងខូច ខុសច្បាប់ផងដែរ។
Mbappe បានឈានដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់គេហើយនៅ PSG និងមិនព្រមបន្ដកុងត្រាថ្មីអ្វីនោះទេ បើទោះជាក្លឹបបានផ្ដល់ជម្រើសជាច្រើនសម្រាប់គេហើយក៏ដោយ។ ដោយសាមីខ្លួនបញ្ជាក់ថាចង់ចេញតែម្ដង និងទៅលេងឱ្យក្រុម Real Madrid ដែលជាក្រុមក្នុងក្ដីស្រមៃរបស់គេតាំងពីតូច។ តែបើទោះជាយ៉ាងនេះក្ដី ការស្នើរបស់ Real Madrid លើកដំបូងតម្លៃ១៥០លានអឺរ៉ូ ត្រូវបាន PSG ច្រានចោលទៅហើយដែរ។
លោក Leonardo បាននិយាយទៅកាន់ RMC Sport ថា៖ “Kylian Mbappe ចង់ចាកចេញ វាច្បាស់ហើយ។ ប្រសិនបើ Real Madrid ដាក់ស្នើ នោះកាន់តែច្បាស់។ ខ្ញុំកំពុងស្ថិតក្នុងតំណែងមួយដែលខ្ញុំគិតថាច្បាស់សម្រាប់គ្រប់គ្នា។ យើងមិនអាច ១សប្ដាហ៍មុនពេលបញ្ចប់ទីផ្សារដោះដូរ ប្ដូរគម្រោងរបស់យើងទេ។ ប្រសិនបើគាត់ចេញ យើងនឹងមិនរារាំងគាត់ទេ ប៉ុន្តែត្រូវតាមលក្ខខណ្ឌរបស់យើង”។
លោក Leonardo ក៏បានលើកពីការស្នើរបស់ Real Madrid ចំពោះ Mbappe ផងដែរ។ លោកជឿថាវាគ្រាន់តែជាយុទ្ធសាស្ត្រដែលត្រូវបានធ្វើឡើងដើម្បីកែលម្អឱកាសរបស់ក្រុម Real ក្នុងការយក Mbappe បានដោយ Free នៅឆ្នាំ២០២២ប៉ុណ្ណោះ។ ដោយក្រុមការងារ PSG បានស្នើកុងត្រា២ដងទៅ Mbappe ហើយត្រូវបរាជ័យទាំង២។ ការបរាជ័យនោះ ត្រូវបានលោក Leonardo ថាក៏មានចំណែក Real Madrid ឡូកដៃផងដែរ។
“បើនិយាយពីជំហររបស់យើងចំពោះ Real វាហាក់ដូចជាយុទ្ធសាស្ត្រដើម្បីព្យាយាមទទួលបានការបដិសេធពីយើងទៅវិញ ដើម្បីបង្ហាញថាពួកគេបានព្យាយាមគ្រប់យ៉ាងរួចហើយ និងចុងក្រោយពួកគេមានតែរង់ចាំ១ឆ្នាំទៀតដើម្បីយកគាត់ Free ប៉ុណ្ណោះ។ ២ឆ្នាំមកនេះ Real Madrid តែងតែបង្ហាញបែបនេះ។ វាមិនត្រឹមត្រូវទេ ខុសច្បាប់ ព្រោះពួកគេបានទាក់ទងទៅកីឡាករ។ វាមិនអាចទទួលយកបានទេសម្រាប់យើង ព្រោះវាមិនត្រូវ។ វាបញ្ជាក់ច្បាស់ថានេះជាយុទ្ធសាស្ត្រ ដែលស្នើមក១ឆ្នាំមុនផុតកុងត្រា និង៧ថ្ងៃមុនទីផ្សារដោះដូរបិទ។ ពួកគេចង់ឱ្យយើងបដិសេធដើម្បីបង្ហាញទៅ Kylian ថាពួកគេបានព្យាយាមគ្រប់យ៉ាងហើយ”។ សម្ដីរបស់លោក Leo បន្ទាប់ពីលោកយល់ថា Real Madrid បានចូលខ្លួនទៅទាក់ទងជាមួយ Mbappe មុនមកទាក់ទងជាមួយក្លឹប PSG ហើយចាប់ផ្ដើមសម្ដែងថាចង់បានខ្លាំង តែ PSG មិនលក់ឱ្យ មានតែផ្លូវចាំដល់ដាច់កុងត្រា៕
ប្រភព៖http://sabay