ភ្នំពេញ៖ លោក ជ្រិន សុធា អគ្គលេខាធិការតំណាង ឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT នៅព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២១ នាវិទ្យាស្ថានអប់រំកាយ និងកីឡា បានប្រកាសបើកជាផ្លូវការ នៃការប្រកួត Online 2021 Korean Ambassador`s Cup Taekwondo Competition ដែលប្រព្រឹត្តទៅ នាថ្ងៃទី២៨-២៩ខែសីហា ឆ្នាំ២០២១ នៅភ្នំពេញ ខេមរសហព័ន្ធបានដាក់ ១២វិញ្ញាសា សម្រាប់ការប្រកួតក្នុងនោះវិញ្ញសា សម្តែងមេគុន ១០វិញ្ញាសា និងប្រយុទ្ធបច្ចេកទេស ២វិញ្ញាសា។
លោក ជ្រិន សុធា បានមានប្រសាសន៍ក្នុង ឳកាសពិធីបើកជាផ្លូវការថា តាំងនាមរូបលោកជំនួស មុខឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ ខ្ញុំសូមថ្លែងអំណរគុណយ៉ ាងជ្រាលជ្រៅបំផុត ជូនចំពោះ ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រ ដល់ការប្រកួតពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ និងអំណរគុណដល់ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដែលបានផ្ដល់ទីតាំងដល់ គណៈកម្មការរៀបចំការប្រកួត ក្នុងការរៀបចំប្រកួតបិទទ្វារ ដើម្បីរក្សាសុវត្ថិភាព និងការពារពី ការឆ្លងជំងឺកូវីដ-១៩ ដល់អ្នកចូលរួមទាំងអស់ ដោយអនុវត្តតាមវិធានការការពាររបស់ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា «៣-ការពារ ៣-កុំ» និងការណែនាំ របស់ក្រសួងសុខាភិបាល។
លោកបានបន្តថា ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងអរគុណជាអនេក ដល់គ្រូបង្វឹក កីឡាករ កីឡាការិនី និងគណៈកម្មការរៀបចំប្រកួត ដែលបានយកចិត្តទុកដាក់អំពីសុវត្ថិភាព សុខភាព និងគុណផល ដើម្បីធ្វើការប្រកួត ឈានដល់ការទទួលជោគជ័យ នៅក្នុងការប្រកួតពានរង្វាន់ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ឆ្នាំ២០២១ នាពេលនេះ។ ខ្ញុំសូមប្រកាសបើក ការប្រកួតពានរង្វាន់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េឆ្នាំ២០២១ ចាប់ពី ពេលនេះតទៅ។
ព្រឹត្តិការណ៍ការប្រកួតកីឡា តេក្វាន់ដូ Online 2021 Korean Ambassador`s Cup Taekwondo Competition នេះសម្រាប់វិញ្ញសា សម្តែងមេគុន១០រួម មានវិញ្ញាសាមេគុនឯកត្តជន បុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខៀវ ) វិញ្ញាសាមេគុន ឯកត្តជនបុរស-នារី អាយុ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខៀវ ) វិញ្ញាសាមេគុនឯកត្តជនបុរស-នារី អាយុក្រោម១៥ឆ្នាំ (ខ្សែក្រវាត់ខ្មៅ១ដាន់ ) និងវិញ្ញាសាមេគុន ឯកត្តជនបុរស-នារី អាយុ១៥ឆ្នាំឡើង (ខ្សែក្រវាត់ខ្មៅ១ដាន់ ) ។ ចំណែកវិញ្ញាសាមេគុន ឯកត្តជនបុរស-នារី មិនគិតអាយុ (Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ ២ដាន់ឡើង)។
ប្រយុទ្ធបច្ចេកទេស២វិញ្ញាសា ៖វិញ្ញសាបុរស-នារីមិនគិតអាយុ(Open) (ចាប់ពីខ្សែក្រវាត់ខ្មៅ ២ដាន់ឡើង) (Speed Kicking រយៈពេល១នាទី ទាត់គ្រប់បច្ចេកទេសប្រកួត និងគិតចំនួន) ចំពោះកីឡាករ-កីឡាការិនី អាចចូលរួមប្រកួតបាន តែមួយវិញ្ញាសាប៉ុណ្ណោះ ៕
ដោយ៖ លី ភីលីព