ពាក្យចាស់ពោលថា នៅពីក្រោយបុរសជោគជ័យ គឺមានស្ត្រីដ៏ពូកែ ចំណែកឯនៅក្នុងពិភពបាល់ទាត់វិញ នៅពីក្រោយកីឡាករ ឬ អ្នកចាត់ការ/គ្រូបង្វឹកល្បីៗគឺមានភ្នាក់ងារដ៏មានឥទ្ធិពល។
ក្នុងករណីរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo វិញ កន្លងមកការចរចាឱ្យមានការផ្ទេរ ឬ ផ្លាស់ប្ដូរក្លឹបចុះឡើង ក៏មានការជាប់ពាក់ព័ន្ធនឹងលោក Jorge Mendes ដែលគេដាក់រហស្សនាមថាជា «មហាភ្នាក់ងារ» ជនជាតិព័រទុយហ្គាល់។
លោកធ្លាប់ធ្វើជាឌីជេ នៅក្លឹបមួយក្នុងប្រទេសព័រទុយហ្គាល់មុនពេល ដែលលោកហក់ចូលប្រឡូកក្នុងពិភពបាល់ទាត់នៅឆ្នាំ១៩៩៦ ដោយនៅឆ្នាំនោះលោកបង្កើតក្រុមហ៊ុនភ្នាក់ងារកីឡាករបាល់ទាត់មួយឈ្មោះថា Gestifute។ ប៉ុន្តែអាជីពរបស់លោក ឡើងកូដខ្លាំងនៅពេលដែលលោកចរចាក្នុងការផ្ទេរ Ronaldo ទៅកាន់ក្លឹប Manchester United កាលពីឆ្នាំ២០០៣។
ចាប់តាំងពីពេលនោះមក លោក និងក្រុមហ៊ុនរបស់លោកតំណាងឱ្យកីឡាករ និងអ្នកចាត់ការរាប់សិបនាក់ ដោយក្នុងនោះមានឈ្មោះល្បីៗដូចជា អ្នកចាំទីអេស្ប៉ាញ David De Gea អ្នកចាត់ការព័រទុយហ្គាល់លោក Jose Mourinho ហើយព្រមទាំងកីឡាករជាច្រើនទៀត ដែលភាគច្រើនមានដើមកំណើតចេញពីប្រទេសព័រទុយហ្គាល់។
បន្ថែមពីលើនេះទៅទៀត អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ លោកក៏បានសារភ្ជាប់ទំនាក់ទំនងជាមួយសេដ្ឋីៗម្ចាស់ក្លឹបបាល់ទាត់នានានៅទ្វីបអឺរ៉ុប ហើយលោកក៏ធ្លាប់ត្រូវបាន Sir Alex Ferguson អតីតអ្នកចាត់ការក្លឹប Manchester United សរសើរថា ជាភ្នាក់ងារកីឡាករដ៏ល្អជាងគេ ដែលលោកធ្លាប់ជួប។
ចាប់ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២០ លើកលែងតែឆ្នាំ២០១៦ លោក Mendes ត្រូវបានបោះឆ្នោតថាជា ភ្នាក់ងារកីឡាករល្អជាងគេលើលោក ដែលការបោះឆ្នោតនោះរៀបចំដោយ Globe Soccer។
កាលពីឆ្នាំ២០១២ លោកត្រូវបានរដ្ឋាភិបាលព័រទុយហ្គាល់ បំពាក់មេដាយកិត្តិយសមួយ ដែលជាការទទួលស្គាល់ ទៅលើជំនាញ និងសមត្ថភាពរបស់លោក ដែលធ្វើឱ្យលោកក្លាយជាអ្នកជំនួញ កីឡាដ៏ល្បីមួយរូបនៅលើពិភពលោក៕ប្រភព៖http://sabay