កីឡា

លោក វ៉ាត់ ចំរើន៖ ក្រុមអត្តពលិកកម្ពុជា ទំាង១២ប្រភេទ កីឡាករ ចេញទៅហ្វឹកហាត់ នៅប្រទេសចិន ជប៉ុន និងកូរ៉េ នាចុងឆ្នាំ ២០២១ និងដើមឆ្នាំ២០២២

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា ក្រោយពីក្រុម កីឡាករ-កីឡាការិនី​​ កម្ពុជារបស់ខ្លួន ចំនួន១៣៥នាក់ បានចាក់វ៉ាក់សាំងដូសទី៣​ យើងត្រៀមបញ្ជូនពួកគេ ទៅហ្វឹកហាត់នៅក្រៅប្រទេស នាចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ ដើម្បីពង្រឹកសមត្ថភាពចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។

លោកអគ្គលេខាធិការ​ បានបន្តថា ក្នុងចំណោមកីឡាទាំង១២ប្រភេទនោះ ដោយក្រុមកីឡាមួយចំនួន ត្រូវចេញដំណើរ ទៅហ្វឹកហាត់នៅប្រទេសចិន នាចុងឆ្នាំ២០២១ ចំណែកក្រុមកីឡាមួយចំនួន ត្រូវចេញដំណើរ ទៅហ្វឹកហាត់ នៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ចំនួន១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយ ម្នាក់ ឬ២នាក់ ក្នុង១ប្រភេទកីឡា ក្នុងការចេញទៅគ្រប់គ្រង ដឹកនាំកូនសិស្ស របស់ខ្លួនសម្រាប់ការហ្វឹកហាត់។ អត្តពលិកកម្ពុជា ចំនួន១៥៣ នាក់ របស់កម្ពុជានេះ គឺជាអត្តពលិក ដែលមានគុណភាពខ្ពស់ៗ ជាងគេបំផុត ក្នុងចំណោមជាង ១០ប្រភេទកីឡា ដែលភាគីចិន ជាអ្នកមកជ្រើសរើស ដោយខ្លួនឯង ។

ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេត្រៀម ចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់ នៅ សាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនីមានឈាមជ័រ ជាខ្មែរផ្សេងៗទៀត រស់នៅក្រៅប្រទេសស្រាប់ ដូចជាខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេស ហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យបន្តការហ្វឹកហាត់ ក្នុងពេលដំណាលគ្នាផងដែរ ៕​ ដោយ៖លី ភីលីព

Most Popular

To Top