យោងតាមប្រភពជាច្រើន បានចុះផ្សាយថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលត្រូវជាចៅប្រុស របស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ បានចាប់អារម្មណ៍ទិញក្លឹប បាល់ទាត់ Saint-Étienne ដែលកំពុងលេង នៅលីគកំពូលបារាំង។
ប្រភពបានបញ្ជាក់បន្ថែមថា ព្រះអង្គម្ចាស់បានចាប់អារម្មណ៍ លើក្លឹបបាល់ទាត់នេះ ជាយូរមកហើយ ។ ដោយទើបតែពេលនេះ ព្រះអង្គសម្រេចចិត្តដាក់សំណើទិញយកតែម្ដង ក្នុងតម្លៃប្រមាណជា១០០លានអឺរ៉ូ ។ ខណៈដែលខាងក្លឹបនៅមិនទាន់ សម្រេចចិត្តថា នឹងលក់ឱ្យឬយ៉ាងណាទេ តែក្លឹបនេះកំពុងជួបបញ្ហាហិរញ្ញវត្ថុទៅហើយ ។
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ
ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បាននិយាយថា ការទិញក្លឹបបាល់ទាត់មួយនេះ ក៏ព្រោះតែស្រលាញ់នូវវប្បធម៌របស់ទីក្រុងនេះ ។ មួយវិញទៀត វាក៏នឹងអាចធ្វើឱ្យទំនាក់ទំនងរវាងបារាំង និងកម្ពុជា កាន់តែប្រសើរឡើងមួយ កម្រិតទៀតផងដែរ តាមរយៈការកាន់កាប់ក្លឹបបាល់ទាត់ ដែលមានប្រវត្តិសាស្ត្រក៏អស្ចារ្យមួយនេះ ។
សូមបញ្ជាក់ថាក្លឹប Saint Etienne មានអាយុកាល១០២ឆ្នាំមកហើយ ។ ពួកគេជាក្លឹបដែលអាចចាត់ទុកថា ជោគជ័យបំផុតនៅលីគបារាំង ដោយធ្លាប់ឈ្នះពានច្រើនជាងគេរហូតដល់១០ដងឯណោះ ខណៈដែល PSG ដែលល្បីខ្លាំងនៅបច្ចុប្បន្ននេះ ទើបតែឈ្នះបាន៩ដងប៉ុណ្ណោះ៕