ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញចូលរួមបិទវគ្គ សិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាល កីឡាសម្រាប់មន្ត្រីថ្នាក់ ដឹកនាំកីឡាគ្រូ អប់រំកាយ និងកីឡានៅខេត្តតាកែវតាមប្រព័ន្ធបច្ចេកវិទ្យា Zoom បានបញ្ចប់ នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានពន្យល់ពីគុណតម្លៃ របស់អូឡាំពិក ចំពោះសិក្ខាកាមថា មាន៣នោះគឺមិត្តភាព ការគោរព និង ស្វែងរកឧត្តមភាព ។
លោកក៏បានបង្ហាញ ពីបាវចនារបស់អូឡាំពិកអន្តរជាតិ ដែលមាន៣នោះ គឺខ្ពស់ជាង លឿនជាង និង ខ្លាំងជាង ហើយលោកក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំយកចិត្តទុកដាក់ សិក្សារបស់លោកគ្រូអ្នកគ្រូ ។
លោកសង្កត់ធ្ងន់ថា នៅលើលោកយើងនេះ គ្មានអ្វីប្រសើរជាងការចែករម្លែក នៃការអប់រំនេះទេ ដែលធ្វើឲ្យយើងចេះគោរពគ្នា មានសីលធម៌ មានគោលការណ៍ ចេះរស់នៅសុខដុមរមនា ជាមួយគ្នា ។ ការអប់រំ គឺជាការសំខាន់ណាស់ សម្រាប់សង្គមជាតិរបស់យើង ដើម្បីឲ្យសង្គមយើង ក្លាយជាសង្គមស៊ីវិល័យ មានភាពថ្លៃថ្នូរ មានចរិតលក្ខណៈល្អ ។ យើងត្រូវចេះរួបរួមគ្នា ស្រឡាញ់គ្នា ចេះស្រឡាញ់គ្នាចេះអត់ ឱនឲ្យគ្នា ដែលការចេះអត់ឱន ឲ្យគ្នានេះ ហើយនឹងប្រែក្លាយបញ្ហាធំ មកបញ្ហាតូច ហើយពីបញ្ហាតូចមកជាគ្មាន បញ្ហា ដូច្នេះទាំងអស់នេះហើយ គឺជាគោលការណ៍ នៃមនុស្សជាតិ និងសង្គមរបស់យើង ហើយកីឡាគឺជាជីវិតរបស់យើងម្នាក់ៗ ។
លោកអគ្គលេខាធិការបញ្ជាក់ថា ក្រោយពីបញ្ចប់វគ្គនេះទៅ សិក្ខាកាមនឹងទទួលបាននូវវិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ដែលចុះហត្ថលេខា ដោយប្រធានគណៈកម្មធិកាអូឡាំពិកអន្តរជាតិ (IOC) ក៏ដូចជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកបណ្ឌិត ថោង ខុន ដែលមានតម្លៃជាសកល ដែលសិក្ខាកាមទាំអស់ បានឆ្លងកាត់វគ្គសិក្សាកម្រិតអន្តរជាតិ ។ សូមលោកគ្រូ អ្នកគ្រូទាំងអស់ជួយចូលរួមរៀបចំ ដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ SEA GAMES លើក ទី៣២ ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាក្រកម្ពុជា យើងទាំងអស់គ្នា ។
បើតតាម លោក ឯម ហៀង ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា នៃ NOCC បានឲ្យដឹងថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការប្រចាំឆ្នាំ២០២១នេះ និងជាវគ្គទី២ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ កន្លងមកថ្មីៗនេះ និងបន្តទៅ២ខេត្តទៀត គឺខេត្តកែប និងខេត្តរតនគីរី។វគ្គរដ្ឋបាលកីឡានៅខេត្តតាកែវនេះមានសិក្ខាកាមចូលរួមចំនួន២៥នាក់ ដោយសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា Zoom ដោយមានរយៈពេល៤ថ្ងៃ ។
គ្រូឧទ្ទេសប្រចាំវគ្គនេះមាន លោក វ៉ាត់ ចំរើន បានចែករំលែកលើមុខវិជ្ជាប្រវត្តិចលនាអូឡាំពិក រចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើរ របស់គណៈប្រតិភូ ស្របពេលដែលលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការ វេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោកបឹង គឹមតោ ប្រធាននាយកដ្ឋាន អប់រំកាយនិងកីឡាសិស្សនិស្សិត នៃក្រសួងអប់រំយុវជន និងកីឡាក៏បានចូលរួមចែករំលែក លើមុខវិជ្ជាសំខាន់ៗ ក្នុងវគ្គនេះផងដែរ ៕