កីឡា

កម្ពុជាស្អាត ជាយុទ្ធនាការ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

កែប៖ កម្ពុជាស្អាត គឺយុទ្ធនាការមួយ ក្នុងចំណោមយុទ្ធនាការធំៗ ពីររបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលរៀប ចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣។ យុទ្ធនាការលាងសម្អាតសង្គម គឺធ្វើឲ្យកម្ពុជាស្អាត តាំងពីឥឡូវទៅដល់ឆ្នាំ ២០២៣ ឲ្យកម្ពុជាមានបរិយាកាសល្អ បរិស្ថានល្អ ខ្យល់អាកា សល្អ គ្មានជាតិពុលនៅក្នុងអាកាសធាតុ ធ្វើឲ្យកម្ពុជាមានសណ្ដាប់ធ្នាប់ល្អ អនាម័យល្អ បរិស្ថានបៃតង ហើយប្រជាពលរដ្ឋត្រូវយល់ដឹងថា ប្រជា ជនម្នាក់ គ្រួសារមួយ គឺជាអ្នកទទួលភ្ញៀវម្នាក់។

នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេ ខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងជាគ្រូឧទ្ទេសប្រចាំវគ្គសិក្សា សាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា នៅខេត្តកែប (តាមប្រព័ន្ធ Zoom) ដែលបានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី១៤តុលា២០២១ នៅខេត្តកែប។

លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ឲ្យដឹងទៀតថា ការរៀបចំស៊ីហ្គេម វាជាមុខមាត់ប្រទេស ជាតិ ព្រោះពេលនោះមិនគ្រាន់តែ ភ្ញៀវមកកម្ពុជាច្រើនទេ ដែលចង់ដឹងចង់មើលកម្ពុជា គ្រាន់តែកីឡាករដែលមកចូលរួម ប្រកួតគឺមានជាង ៥០០០ នាក់ បូករួមទាំងមន្ត្រីបច្ចេកទេស ប្រតិភូផ្សេងៗដែលមកចូលរួម កីឡាស៊ីហ្គេមនៅស្រុក ខ្មែរផង គឺជិតមួយម៉ឺននាក់ទៅហើយ ដូច្នេះក្នុង រយៈពេលពីរសប្តាហ៍ នៃការប្រកួតស៊ីហ្គេមនេះ យើងនឹងអាចទាក់ទាញអ្នកគាំទ្រសាច់ញាតិ កីឡាករបណ្ដាប្រទេស ដែលចូលរួម គឺមានរាប់ម៉ឺននាក់ថែមទៀត ហើយតែគាត់មកតាមកីឡាករ មកមើលស្រុកខ្មែរ គឺគាត់មកចាយលុយនៅស្រុក ខ្មែរ ដែលធ្វើឱ្យយើងទទួលបានចំណូល ចូលថវិកាជាតិយ៉ាងច្រើន នេះគឺជាភាពចំណេញរបស់កម្ពុជាយើង ដោយលោកថា “ដូច្នេះប្រជាពលរដ្ឋយើងម្នាក់ៗត្រូវតែសម្អាតចិត្ត សម្អាតគំនិត សម្អា តអាកប្បកិរិយា ប្រកាន់ស្មារតីនិងចរិតស្មោះត្រង់ រួសរាយរាក់រាក់ទទួលស្វាគមន៍ “។

លោកអគ្គលេខាធិការCAMSOC ក្រៅពីបានចែករំលែកចំណេះដឹង ជូនដល់សិក្ខាកាម ដោយក្រៅអំពីមូលដ្ឋានគ្រឹះ នៃវគ្គសិក្សា លោកក៏បានបញ្ជ្រាបការផ្សព្វផ្សាយ អំពីសារសំខាន់ នៃដំណើរឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ថែមទៀត។ ជាមួយ គ្នានោះ លោកក៏បានលើកទឹកចិត្ត ចំពោះលោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាម ឲ្យផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីប្រមូលធាតុចូល នូវចំណេះដឹងក្នុងវិស័យកីឡា ឲ្យកាន់តែស៊ីជម្រៅ និងយកទៅអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់ ។

វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា នៅខេត្តកែបនេះ គឺជាវគ្គសិក្សាលើកទី៣ ប្រចាំ ឆ្នាំ២០២១ ដែលបានដំណើការពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធបច្ចេក វិទ្យា Zoom។ វគ្គរដ្ឋបាលកីឡានេះ ត្រូវបានធ្វើឡើង២លើករួចមកហើយ គឺនៅភ្នំពេញ និងខេត្តតាកែវ ហើយបន្តមកធ្វើខេត្តកែប មុននឹងបន្តទៅ១ខេត្តចុងក្រោយ ដែលគ្រោងនឹងធ្វើឡើង​​ នៅខេត្តរតនគីរី នាពេលខាងមុខ។ វគ្គសិក្សានេះ ធ្វើ ឡើងសម្រាប់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅតាមរាជធានីខេត្តខាងលើ ដើម្បីទទួលបាននូវចំណេះដឹងបន្ថែម ពីគ្រូឧទ្ទេសចំនួន ៣រូប។គ្រូឧទ្ទេសប្រចាំវគ្គមាន៣រូប គឺលោកព្រឹទ្ធ បុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្ម ការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា សិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCCនិងCAMSOC។

វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់លើខ្លឹមសារ វេជ្ជសាស្ត្រកីឡា ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត រៀបចំព្រឹត្តិការណ៍ រៀបចំអង្គប្រជុំ ទំនាក់ទំនង ស្ត្រី និងកីឡា ប្រវត្តិចលនាអូឡាំពិក និងរចនា សម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក ការលេងដោយយុត្តិធម៌ ភាពជាអ្នកដឹកនាំ ផែនការកម្មវិធីហ្វឹក ហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈ ប្រតិភូ។

គោលដៅសំខាន់ៗ នៃវគ្គសិក្សានេះ គ្រូឧទ្ទេសក៏បានបញ្ជ្រាបការផ្សព្វផ្សាយ នូវគោលដៅចម្បង នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដើម្បីជួយជំរុញឲ្យវិស័យកីឡា នៅខេត្តគោលដៅទាំងអស់ កាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាពិសេសគឺគោលដៅរួមគ្នា អភិវឌ្ឍឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕ ដោយ៖លី ភីលីព

Most Popular

To Top