កីឡា

លោកស្រី ញ៉ែម មរកត បន្តតំណែង​ ជាប្រមុខសហព័ន្ធកីឡារាំកម្ពុជា អាណត្តិថ្មីទី៤ ឆ្នាំ២០២១-២០២៥

ភ្នំពេញ ៖ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធកីឡារាំកម្ពុជា បានធ្វើមហាសន្និបាត បញ្ចប់អាណត្តិទី៣ និងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ និងជ្រើសរើសសមាជិកប្រតិបត្តិ អាណត្តថ្មី ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារំាកម្ពុជា អាណត្តិ ចាស់បានទទួលការគាំទ្រ ជាប្រធានសហព័ន្ធអាណត្តិថ្មីបន្តទៀត ដែលអម ដោយអនុប្រធានចំនួន៣រូប គឺលោក វ៉ាត់ ចំរើន លោកជំទាវ ម៉ក់ វណ្ណស៊ីថា និងលោកឧកញ៉ា ប៉ិច បូឡែន ។ ចំពោះលោកស្រី ហង់ ស៊ីមន ជាអគ្គលេខាធិការ លោកស្រី ស្រី ស៊ីវឡេង អគ្គលេខាធិការង និងលោកស្រី សោ ម៉ាល័យ ជាអគ្គហិរញ្ញឹក និងសមាជិក ៦រូបទៀត ។

ជាមួយនឹងការបានទទួលការគាំទ្រ ជាប្រធានសហព័ន្ធកីឡារាំកម្ពុជា អាណត្តិថ្មី លោកជំទាវ ញ៉ែម មរកត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍធនធានកីឡាករ កីឡាការិនីរហូតដល់ចូលរួមប្រកួតប្រជែង មេដាយបានជាបន្តបន្ទាប់លើឆាកអន្តរជាតិ ។ «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលយើងទាំងអស់គ្នា បានប្រឹងប្រែងអភិវឌ្ឍវិស័យ កីឡារាំ ឲ្យទទួលបានការគាំទ្រ នាពេលនេះ ។ យើងមិនមានធនធានច្រើនទេ ហើយក៏មិន មានប្រាក់ខែដែរ ប៉ុន្តែយើងទាំងអស់ស្ម័គ្រចិត្ត ធ្វើការដោយឆន្ទៈខ្ពស់ និងអស់ពីបេះដូង ហើយព្រមទាំងចំណាយ ធនធានផ្ទាល់ខ្លួន ដើម្បីជួយជ្រោមជ្រែងដល់ដំណើរ ការអភិវឌ្ឍបន្ថែមទៀត» ។

ជាមួយគ្នានោះ លោកជំទាវ ក៏សម្តែងនូវអំណរគុណ ដ៏ជ្រាលជ្រៅជូន ចំពោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ថោង ខុន ប្រធាន NOCC ក៏ដូចជាថ្នាក់ ដឹកនាំ CAMSOC ដែលផ្តល់ការគាំទ្រជានិច្ច ចំពោះសហព័ន្ធរាំកម្ពុជា បន្តដំណើរការឆ្ពោះ ទៅចូលរួមប្រកួតប្រជែង លើឆាកអន្តរជាតិ ជាពិសេសគឺគោលដៅដ៏ធំនៃការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាប្រវត្តិសាស្ត្រ ជាលើកដំបូងផងដែរ ។

លោកស្រី ហង់ ស៊ីមន បានគូសបញ្ជាក់ថា ក្រោមការគាំទ្រពីក្រសួង អប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ អូឡាមពិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣(CAMSOC) សហព័ន្ធកំពុងខិតខំ បំពេញតួនាទីភារកិច្ច របស់ខ្លួន យ៉ាងសកម្ម ដើម្បីគោលដៅពង្រឹង ពង្រីក និងអភិវឌ្ឍវិស័យកីឡា រាំកម្ពុជា ឲ្យកាន់តែផុសផុល និងរឹងមាំ ក្នុងគុណភាពបច្ចេកទេស ឈានឆ្ពោះ ទៅរកមេដាយមាសជូនជាតិ ក្នុងឱកាសដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងស៊ីហ្គេម នាពេលខាងមុខ ជាបន្តបន្ទាប់ទៀត។
ចាប់តាំងពីការបង្កើត សហព័ន្ធកីឡារាំកម្ពុជា កាលពីឆ្នាំ២០០៩ ក្រៅពីទទួលបានការគាំទ្រ នៅក្នុងស្រុក សហព័ន្ធក៏ត្រូវបានទទួល ស្គាល់ជា អន្តរជាតិ ពីសហព័ន្ធកីឡារាំ ពិភពលោក(WDSF)និងសហព័ន្ធរាំអាស៊ីផងដែរ ។ ជាមួយនិងការខិតខំជាបន្ត បន្ទាប់នោះ សហព័ន្ធជំនាញមួយនេះ បានជំរុញឲ្យមានការបង្កើតក្លឹប បានចំនួន៥ នាពេលបច្ចុប្បន្ន ដោយមានកីឡាករ កីឡាការិនីប្រមាណ ៥០នាក់ ខណៈសហព័ន្ធមានចៅក្រមថ្នាក់ជាតិ៤នាក់ និងអន្តរជាតិម្នាក់ ៕ដោយ៖លី ភីលីព

Most Popular

To Top