កីឡា

លោ វ៉ាត់ ចំរើន​ ៖ វៀតណាម សម្រេចចិត្ត ជាផ្លូវការ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នាពាក់កណ្តាល ខែឧសភា ២០២២

ភ្នំពេញ ៖ លោ វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រាប់ឲ្យដឹងថា ប្រទេសវៀតណាម ដែលជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ បានសម្រេចចិត្ត ជាផ្លូវការ ដោយយល់ព្រមរៀបចំការ ប្រកួត នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ វៀតណាម កំណត់បន្ទាប់ពីកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអាគ្នេយ៍ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ។

លោក វ៉ាត់ ចំរើន បានបន្តថា គណៈកម្មាធិការជាតិអូឡាំពិក វៀតណាម បាន អះអាងថា SEA GAMES 2021 លើកទី៣១ នឹងត្រូវធ្វើនៅពាក់កណ្ដាល ខែឧសភា ឆ្នាំ២០២២ ប៉ុន្ដែមិនទាន់ប្រាកដ ថ្ងៃនោះទេ គ្រាន់តែប្រទេសម្ចាស់ផ្ទះមួយនេះ ប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យបាននៅពាក់កណ្ដាល ខែឧសភា ចំពោះពេលវេលាច្បាស់លាស់ វៀតណាម នឹងផ្ដល់លិខិតផ្លូវការ ដល់បណ្ដាប្រទេស សមាជិក ក្នុងពេលឆាប់ៗនេះ ។

បន្ទាប់ពីការជជែកអំពី កាលបរិច្ឆេទរៀបចំការ ប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ត្រូវលើកពេលពីចុងឆ្នាំ២០២១ នេះកិច្ចប្រជុំក៏បានពិភាក្សា និងគាំទ្រកម្ពុជា ក្នុងការ ធ្វើជាសហប្រធានក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ផងដែរ ដើម្បីកម្ពុជា មានសិទ្ធគ្រប់គ្រាន់ ក្នុងការអនុវត្តការងារបច្ចេកទេស ផ្សេងៗឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ SEA GAMES និងអាស៊ាន ប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ។

លោកបន្ថែមទៀតថា ដោយសារកម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះ SEA GAMES គេនឹង ឲ្យកម្ពុជា ធ្វើជាសហប្រធានក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅក្នុងធ្នូឆ្នាំ២០២១ ដើម្បីឲ្យកម្ពុជាបានបន្ដការងារ របស់ ខ្លួនដោយផ្លូវការពេញសិទ្ធ និងពេញលក្ខខ័ណ្ឌក្នុង ដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្ដ្ររបស់ខ្លួន នាឆ្នាំ២០២៣ ។

ការអះអាង និងប្ដេជ្ញាចិត្តរៀបចំ SEA GAMES លើកទី៣១ នា ពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ របស់ភាគីវៀតណាម ក៏ដូចជាការឲ្យកម្ពុជា ធ្វើសហប្រធានក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សុទ្ធតែទទួលបានការគាំទ្រ ពីបណ្ដាប្រទេសអាស៊ាន គ្រាន់តែការធ្វើសហប្រធាននេះ ត្រូវរង់ចាំការសម្រេចផ្លូវការ របស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាខែធ្នូខាងមុខ ដែលគេនឹងអនុម័ត ផ្ដល់សិទ្ធដល់កម្ពុជា ៕

Most Popular

To Top