កីឡា

អត្តពលិក លើកទម្ងន់៤រូប និងគ្រូបង្វឹក១រូប ត្រៀមហ្វឹកហាត់ នៅចិន ដើម្បីពង្រឹកសមត្ថភាព ចូលរួម SEA GAMES 2021-2023

ភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបង្ហាញវត្តមានកីឡាករ-កីឡាការិនី របស់ខ្លួនចំនួន៤នាក់ និង គ្រូបង្វឹក១នាក់ ត្រៀមទៅធ្វើដំណើរ ហ្វឹកហាត់ នៅប្រទេសចិន ដើម្បីពង្រឹកសមត្ថភាព ចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា ។

លោក សំ សុខយី អគ្គលេខាធិការ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចំនួន៤នាក់ និងគ្រូបង្វឹក១នាក់ ទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីអភិវឌ្ឍជំនាញ បច្ចេកទេសប្រភេទកីឡា លើកទម្ងន់កម្ពុជា ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងត្រៀមទទួលធ្វើម្ចាស់ផ្ទះ SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។

លោកបានបន្តថា ចំពោះក្រុមអត្តពលិកទំាង៤នាក់ រួមមានអ្នកគ្រូ ទ្រី សុថាវី កីឡាករ ជឿម ពិសីដ្ឋ ប្រភេទទម្ងន់៨៩ កីឡាករ ពេជ សីហា ប្រភេទទម្ងន់-៥៥ កីឡាការិនី សេង បូរិន ប្រភេទទម្ងន់ -៤៥ និងកីឡាការិនី រើន ស្រីនីត ប្រភេទទម្ងន់ -៧១ ព្រមទំាងក្រុមអត្តពលិក មួយចំនួន នឹងធ្វើការហ្វឹកហាត់ នៅក្នុងប្រទេស ទោះបីពួកគេមិនបានចេញហ្វឹកហាត់ ក្រៅប្រទេសក៏ដោយ ក៏ពួកគេបន្តហ្វឹកហាត់ យ៉ាងសកម្មដែរ ។

បញ្ជាក់៖ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ កម្ពុជាចំនួន១៣៥នាក់ បូករួមទាំងគ្រូបង្វឹក គ្រូជំនួយ ម្នាក់ ឬ២នាក់ ក្នុង១ប្រភេទកីឡា ក្នុងការចេញទៅគ្រប់គ្រង ដឹកនាំកូនសិស្ស របស់ខ្លួនសម្រាប់ការហ្វឹកហាត់ នៅប្រទេស ចិន ដោយត្រៀមចេញ ទៅហ្វឹកហាត់ ចុង ឆ្នំា២០២១ ។ អត្តពលិកកម្ពុជា ចំនួន១៥៣ នាក់ របស់កម្ពុជានេះ គឺជាអត្តពលិក ដែលមានគុណភាពខ្ពស់ៗ ជាងគេបំផុត ក្នុងចំណោមជាង ១០ប្រភេទកីឡា ដែលភាគីចិនជាអ្នកមកជ្រើសរើស ដោយខ្លួនឯង ។

ក្រៅពីការហ្វឹកហាត់នៅចិន ក្រុមជម្រើសជាតិកម្ពុជា លើប្រភេទកីឡាមួយចំនួនទៀត ដូចជាការ៉ាតេត្រៀម ចេញទៅហ្វឹកហាត់នៅជប៉ុន, តេក្វាន់ដូ WT ទៅហ្វឹកហាត់ នៅ សាធារណរដ្ឋកូរ៉េ រីឯកីឡាករ កីឡាការិនីមានឈាមជ័រ ជាខ្មែរផ្សេងៗទៀត រស់នៅក្រៅប្រទេសស្រាប់ ដូចជាខេស៊ី កីឡាការិនីជឺជីតស៊ូ ខាន់ ជេសា ដែលជាម្ចាស់មេដាយមាសអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេស ហ្វីលីពីន ឆ្នាំ២០១៩ ក៏ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យបន្តការហ្វឹកហាត់ ក្នុងពេលដំណាលគ្នាផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top