ព្រះសីហនុ : លោកវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានសហព័ន្ធ កីឡាទូកក្តោងកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកដ្ឋានកីឡា និងលោកថោង រដ្ឋសក្តិ អនុប្រធានសហព័ន្ធ កីឡាទូកក្តោងកម្ពុជា បានដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដើម្បីត្រៀមរៀបចំ ព្រឹត្តិការណ៍ប្រកួតទូកក្តោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានសហការរៀបចំ ជាមួយសហព័ន្ធទូកក្តោងសិង្ហបុរី។
តាមរយៈកិច្ចប្រជុំ លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានសហព័ន្ធ កីឡាទូកក្តោងកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអនុគណៈកម្មការ ជំនាញនីមួយៗរបស់គណៈកម្មការដើម្បីរៀបចំ ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ដែលបានសម្រេចការងារសំខាន់ៗរួមមាន៖ ការរៀបចំសេចក្តីណែនាំការប្រកួត (Notice of Race) នីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់ការប្រកួត (SoP) និងប្រព័ន្ធចុះឈ្មោះអ្នកចូលរួមតាមរយៈគេហទំព័រផ្លូវការ និងប្រព័ន្ធទូរស័ព្ទឆ្លាតវៃ (Mobile Application) ការរៀបចំទីតាំងប្រកួតផ្ទាល់ នៅលើលំហសមុទ្រ និងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុការរៀបចំបន្ទប់ស្នាក់នៅ និងការហូបចុក ការត្រៀមទទួលបដិសណ្ឋារកិច្ច និងដឹកជញ្ជូនប្រតិភូកីឡា និងកីឡាករជាតិ-អន្តរជាតិ ផែនការរៀបចំសន្តិសុខ សណ្ឋាប់ធ្នាប់ និងការគ្រប់គ្រងហានិភ័យនានា ការត្រួតពិនិត្យនិងធ្វើតេស្តរកជំងឺកូវីដ-១៩ និងនីតិវិធីសុខាភិបាលនានា ការសម្អាតគោលដៅប្រកួតជាគោលដៅសុវត្ថិភាព និង ការជំរុញផ្សព្វផ្សាយពីព្រឹត្តិការណ៍ ក្នុងស្រុកនិងក្រៅប្រទេស និងការងារទីផ្សារចលនូបត្ថម្ភ។
លោក និងប្រតិភូ បានចុះពិនិត្យផ្ទាល់ទីតាំង សណ្ឋាគារសុខា ដោយបានពិនិត្យ ទីតាំងសំខាន់ៗរួមមាន៖ ទីតាំងប្រារព្ធពិធីបើក-បិទ ទីតាំងរៀបចំស្តង់កីឡាករប្រកួត ការកំណត់ទំហំលំហរសមុទ្រសម្រាប់ការប្រកួត ទីតាំងទទួលបដិសណ្ឋារកិច្ច-ហូបចុក-ស្នាក់នៅ ទីតាំងសម្រាប់ផ្សព្វផ្សាយព្រឹត្តិការណ៍ ទីតាំងហ្វឹកហាត់របស់កីឡាករ និងបានពិភាក្សាលម្អិតជាមួយតំណាងសណ្ឋាសុខា ខេត្តព្រះសីហនុ លើនីតិវិធី និងដំណើរការរៀបចំជាទូទៅអំឡុងពេលប្រកួត៕ ដោយ:លី ភីលីព