កីឡា

ប្រធាន IOC និងក្រិកសូមជូនពរ ទីក្រុងប៉េកាំង សម្រាប់កីឡាអូឡាំពិក រដូវរងាឆ្នាំ ២០២២

ក្រិក៖ ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach និងមន្ត្រីក្រិកបានជូនពរ ការប្រកួតកីឡាប្រកបដោយជោគជ័យ ពីស្រុកកំណើតនៃចលនា អូឡាំពិក មុនពេលពិធីបំភ្លឺអណ្តាតភ្លើងអូឡាំពិក នឹងឆេះសម្រាប់កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង យោងតាមការចេញផ្សាយពីគេហទំព័រ ឆៃណាឌៀលី។

នៅពេលពិធីរស្មីព្រះអាទិត្យ នៅខាងក្នុងពហុកីឡដ្ឋាន នៃអូឡាំពិកបុរាណ នៅភាគខាងលិច ប្រទេសក្រិច ដែលជាកន្លែងប្រកួតកីឡាបានកើត ជាច្រើនសតវត្សមុន អណ្តាតភ្លើងដ៏ពិសិដ្ឋនឹងត្រូវឆាបឆេះ ហើយនឹងចាប់ផ្តើម ដំណើរទៅកាន់ទីក្រុងប៉េកាំង។

លោក Bach បាននិយាយ នៅពេលព្រឹត្តិការណ៍មួយ នៅបរិវេណនៃបណ្ឌិតសភា អូឡាំពិកអន្តរជាតិ ដែលមើលពីលើកីឡដ្ឋានថា យើងទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំ ការប្រកួតកីឡាអូឡាំពិករដូវរងាដ៏អស្ចារ្យ និងជោគជ័យនៅទីក្រុងប៉េកាំងឆ្នាំ២០២២ នៅពេលទីក្រុងប៉េកាំង នឹងសរសេរប្រវត្តិសាស្ត្រថាជាទីក្រុងដំបូងគេ ដែលមិនធ្លាប់មាន ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងរដូវរងា ហើយនៅពេលណាយើងនឹងប្រារព្ធជាមួយប្រជាជនចិន ជាមួយពិធីបុណ្យដ៏អស្ចារ្យនៃកីឡា និងកីឡារដូវរងាដូច្នេះ រង់ចាំជួបអ្នកឆាប់ៗនេះ នៅទីក្រុងប៉េកាំង។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងកីឡាក្រិក Lefteris Avgenakis បានបង្ហាញទំនុកចិត្ត លើភាពជោគជ័យនៃព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាលើកទី XXIV ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២បន្ទាប់មកដោយកីឡាប៉ារ៉ាឡាំពិក។

លោកបានប្រាប់ស៊ីនហួរ ក្នុងអំឡុងពេលព្រឹត្តិការណ៍ថ្មីៗនេះនៅទីក្រុងអាថែនជិត ពហុកីឡាដ្ឋានថ្មម៉ាបជាកន្លែងដែលអណ្តាតភ្លើងនឹងត្រូវប្រគល់ ទៅឲ្យអ្នករៀបចំ ការប្រកួតឆ្នាំ២០២២ថា យើងសប្បាយចិត្តខ្លាំងណាស់ ដែលទីក្រុងប៉េកាំងធ្វើជាម្ចាស់ផ្ទះ កីឡាអូឡាំពិកម្តងទៀត បន្ទាប់ពីឆ្នាំ ២០០៨ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ។ វានឹងទទួលបានជោគជ័យដូចគ្នាដែរ ក្នុងការរៀបចំកីឡាអូឡាំពិក រដូវរងានាពេលខាងមុខ៕ ដោយ៖លី ភីលីព

Most Popular

To Top