ភ្នំពេញ: លោក ប៊ូ ជុំសេរី អនុប្រធានតំណាងដ៏ខ្ពង់ខ្ពស់ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជា បានចូលរួមបើកកម្មវិធី “ការប្រកួតកីឡាប៊ូល និងប៉េតង់ផ្ទៃក្នុង នៃក្រុមជម្រើសជាតិ តាមជំនាញ ដោយការប្រកួតនេះ អនុញ្ញាតឱ្យកីឡាករ កីឡាការិនីឈុតធំ ចំនួន២៤នាក់ របស់សហព័ន្ធចូលរួមតែប៉ុន្នោះ។

លោក ប៊ូ ជុំសេរី បានក្រើនរំឭកជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ ត្រូវប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីប្រជែងមេដាយ យកមកជូនជាតិ នៅក្នុងព្រឹត្តិការណ៍ ប្រកួតអន្តរជាតិសំខាន់ៗ ខាងមុខជាបន្តបន្ទាប់នេះ ពីព្រោះថា កម្ពុជាគឺជាមហាអំណាច ក្នុងវិស័យកីឡាប៉េតង់ពិភពលោក ដោយកម្ពុជាធ្លាប់ឈ្នះមេដាយមាស ប្រាក់ និង សំរឹទ្ធជាបន្តបន្ទាប់ ជាពិសេសយុវនារី អាចមើលឃើញពីគំរូ របស់លោកស្រី កែ ឡេង ដែលជាអតីតវីរកីឡាការិនីកម្ពុជា ធ្លាប់កសាងបានភាពល្បីល្បាញ លើពិភពលោក ដោយឈ្នះមេដាយមាស ពីជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នាកន្លងទៅនេះ ។

ការប្រកួតកីឡាប៊ូល និងប៉េតង់ផ្ទៃក្នុង នៃក្រុមជម្រើសជាតិ តាមជំនាញនេះមានរយៈពេល២ថ្ងៃគឺថ្ងៃទី៤-៥វិច្ឆិកា ។ ចំណែកឯវិញ្ញាសាប្រកួតមានចំនួន៣ គឺវិញ្ញាសា វាយយកពិន្ទុ នារី-បុរស វិញ្ញាសា ឯកក្តជន នារី-បុរស និងវិញ្ញាសា ចូលប៊ូល នារី-បុរស ។


