កីឡា

ការប្រកួតកីឡា ហែលទឹកទីឆ្ងាយ ជ្រើសរើសជើងឯក (Open Water) ចាប់ផ្តើមស្អែកនេះហើយ

ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហែលទឹកនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ (Zoom) ណែនាំការងារដឹកនាំការប្រកួត ដល់មន្រ្ដីមបច្ចេកទេសនៃការប្រកួតកីឡា ហែលទឹកទីឆ្ងាយ (Open Water) ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះនៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភំ្នពេញ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតហែលទឹកទីឆ្ងាយសហព័ន្ធដាក់តែ២វិញ្ញាសាទេ គឺបុរស-នារី គឺចម្ងាយ៥០០០ម៉ែត្រសម្រាប់កីឡាករ និងចម្ងាយ៣០០០ម៉ែត្រសម្រាប់កីឡាការិនីដោយពួកគេស្ថិតក្នុងក្រុមជម្រើសជាតិ ព្រោះការប្រកួតមិនបើកទូលាយទេដោយសហព័ន្ធអនុវត្តតាមវិធានការសុខាភិបាលដដែល។ការប្រកួតខាងលើកនេះមិនមែនជាការប្រកួតបិទខ្ចប់ឡើយ គឺជាការប្រកួតដែលផ្តល់ឳកាសឲ្យកីឡាករជម្រើសជាតិកម្ពុជាតែប៉ុណ្ណោះ ដោយសារការបិទខ្ចប់កន្លងមកពួកគាត់មិនទាន់បានប្រកួតដែរ ហើយក៏ជាការផ្សព្វផ្សាយប្រភេទកីឡាកីឡាហែលទឹកទីឆ្ងាយ (Open Water)ដើម្បីបំផុសឲ្យដល់មហាជន និងជាការផ្សព្វផ្សាយពីសកម្មភាពរបស់សហព័ន្ធទៅសហព័ន្ធហែលទឹកអន្តរជាតិ(FINA)។

លោកបានបន្តថា ប្រភេទវិញ្ញាសាហែលទីឆ្ងាយនេះជាទូទៅត្រូវរៀបចំការប្រកួតនៅតាមបឹង ទន្លេ ឬសមុទ្រ ប៉ុន្តែដោយសារតែវិបត្តិមេរោគ COVID-19 ទើបសហព័ន្ធសម្រេចរៀបចំការប្រកួតនៅអាងហែលទឹកជំនួសវិញ។ ម្យ៉ាងទៀតការប្រកួតនេះអនុញ្ញាតឲ្យតែកីឡាករកីឡាការិនីជម្រើសជាតិ ដែលហ្វឹកហាត់បិទខ្ទប់នៅទីនោះប៉ុណ្ណោះ នៅពេលខាងមុខ សហព័ន្ធនឹង ព្យាយាមរៀបចំការប្រកួតលើវិញ្ញាសានេះតាមស្តង់ដារអន្តរជាតិ។តាមពិតទៅវិញ្ញាសាហែលទឹកទីឆ្ងាយនេះ សហព័ន្ធធ្លាប់បានរៀបចំការប្រកួតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានចំនួន៣លើករួចមកហើយក្នុងកម្មវិធីបុណ្យសមុទ្រ នៅខេត្តកោះកុង និងបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ និងពិធីបុណ្យទន្លេ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល៕

Most Popular

To Top