កីឡា

លោក ប៊ុយ សុភ័ណ្ឌប្តេជ្ញា បង្កើនមេដាយ នៅកីឡា SEA GAMES ២០២១ នាប្រទេសវៀតណាម

ភ្នំពេញ៖លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានមានប្រសាសន៍ គោលដៅរបស់សហព័ន្ធសម្រាប់ការប្រកួតកីឡា SEA GAMES ទំាង២ លើកចំពោះមុខនេះ ដោយប្តេជ្ញាបង្កើនមេដាយនៅកីឡា SEA GAMES ២០២១ នាប្រទេសវៀតណាម នាឆ្នាំ២០២២ និងគោលដៅ បង្កើតប្រវត្តិសាស្ត្រថ្មីមួយ គឺប្រឹងប្រែងធ្វើយ៉ាងណាឲ្យឈ្នះមេដាយ មាស១គ្រឿង ក្នុងនាមជាម្ចាស់ផ្ទះ កីឡា SEA GAMES ២០២១ លើកទី៣២ ឆ្នាំ២០២១។

ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ក្នុងការប្រជែងមេដាយនេះ គឺដោយយោងទៅ លើការខិតខំយ៉ាងខ្លាំងក្លា តាមរយៈការបោះជំរំហ្វឹកហាត់ត្រៀមរបស់ក្រុមជម្រើស ជាតិប្រដាល់សកលកម្ពុជា និងការបង្កើតព្រឹត្តិការណ៍ប្រដាល់ថ្មីមួយ គឺ Ultimate Boxing Championship និងកំពុងស្នើសុំឲ្យមានការប្រកួតប្រចាំសប្តាហ៍ នៅ ក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ តាមបណ្តាស្ថានីយទូរទស្សន៍នានា នៅក្នុងស្រុក។

លោក ប៊ុយ សុភ័ណ្ឌបន្តថា សម្រាប់ការត្រៀមចូលរួមប្រកួតប្រជែងមេដាយនៃ SEA GAMES លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម គឺសហព័ន្ធប្រដាល់សកលកម្ពុជាគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីចន្លោះពី ៨ទៅ៩នាក់ នៅក្នុងព្រឹត្តិការណ៍ រៀងរាល់២ឆ្នាំម្តងមួយនេះ ដោយម្ចាស់ផ្ទះវៀតណាមបានលើក ពេលពីចុងឆ្នាំ២០២១ទៅអំឡុងពាក់ កណ្តាលឆ្នាំ២០២២ ដោយសារវិបត្តិមេរោគCOVID-19។ ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ប្រចាំឆ្នាំ២០២១ មានចំនួនសរុប ១៣នាក់ ក្នុងនោះមានកីឡាការិនី២នាក់ និងមានកីឡាករចំនួន ១១នាក់ ដែលកំពុងហ្វឹកហាត់នៅនាយកដ្ឋានអង្គរក្ស និងកីឡាករម្នាក់ទៀតកំពុងហ្វឹកហាត់នៅប្រទេសវៀតណាម។

លោកបន្ថែមថា សហព័ន្ធនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិឲ្យដណ្តើមមេដាយបានច្រើន ឬឈានទៅរកមេដាយកម្រិតខ្ពស់ជាង SEA GAMES លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ដោយធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន ៥គ្រឿង។ លោក ប៊ុយ សុភ័ណ្ឌ បានដាក់ក្តីសង្ឃឹម ថា ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា នឹងអាចមានលទ្ធភាពប្រជែងបានមេដាយច្រើន ជាង SEA GAMES កន្លងមក ដើម្បីបំបែកកំណត់ត្រាថ្មីមួយរបស់ប្រភេទកីឡាប្រដាល់សកល។

SEA GAMES លើកទី៣១ នៅវៀតណាម គឺជាការប្រកួតយុទ្ធសាស្ត្រចុងក្រោយ ដើម្បីកំណត់គោលដៅការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ នៅកម្ពុជា ដោយសហព័ន្ធជំនាញ មួយនេះនឹងបន្តពង្រឹងបច្ចេកទេសរបស់ក្រុមជម្រើស ជាតិ ដែលកំពុងហ្វឹកហាត់ក្នុងស្រុក និងកីឡាករកំពុងហ្វឹកហាត់នៅក្រៅប្រទេស (ទម្ងន់៩០គីឡូក្រាម) ធ្វើយ៉ាងណាឲ្យប្រជែងបានមេដាយមាស១គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន៕ដោយ៖លី ភីលីព

Most Popular

To Top