ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានអញ្ជើញនាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជាចែក ជូនដល់កីឡាករ-កីឡាការិនី និងគ្រូបង្វឹកជម្រើសជាតិទូកកម្ពុជា ចំនួន៣៣រូប កំពុងចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ នៅក្រុងតាខ្មៅខេត្តកណ្តាល ។
លោក ជា ប៊ុនហេង បានមានប្រសាសន៍ថា ក្នុងនាមលោកតំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជាសូមឲ្យកីឡាករ-កីឡាការិនីទាំងអស់បន្តប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយ ពីអន្តរជាតិនានា ជាពិសេសព្រឹត្តិការណ៍កីឡាSEA GAMES ឆ្នាំ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងSEA GAMES ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ។
អំណោយដែល សម្តេចប្រធានឧបត្ថម្ភ រួមមាន៖ ត្រីខ៤កេសធំ មី៦កេសធំ អាល់កុល៣០លីត្រ អាវយឺត៦៦ រួមនឹងថវិកាម្នាក់ៗ ទទួលបានចំនួន១០ម៉ឺនរៀល សរុប៣៣នាក់ ក្នុងនោះកីឡាការិនី៦នាក់ កីឡាករ២២នាក់ និងគ្រូបង្វឹក៥នាក់ផងដែរ ៕