លោក Mauricio Pochettino បានត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបទៅកាន់ការហៅរបស់ Manchester United ប្រសិនបើពួកគេត្រូវការលោកទៅជំនួសកន្លែងលោក Ole នៅ Old Trafford។
តាមប្រភពពី Daily Mail បានបញ្ចេញឲ្យដឹងថា អ្នកចាត់ការ Pochettino អាចនឹងត្រៀមខ្លួនដើរចេញពី PSG ហើយត្រឡប់មកកាន់ Premier League វិញ ក្រោយ Solskjaer ត្រូវបណ្ដេញចេញពីតួនាទី។
United ពេលនេះបានចាត់លោក Michael Carrick ធ្វើជាអ្នកមើលការខុសត្រូវសិន ខណៈក្លឹបកំពុងសម្លឹងស្វែងរកគ្រូបណ្ដោះអាសន្នដើម្បីឲ្យដឹកនាំដល់ចប់រដូវកាល។ ចំណុចនេះមានន័យថា បិសាចក្រហមមិនទាន់ចង់បានអ្នកមកជំនួសកន្លែងលោក Ole ជាអចិន្ត្រៃយ៍នៅឡើយទេ ត្រូវរងចាំរហូតដល់រដូវក្ដៅសិន។
យ៉ាងណាក្ដី តាមការឲ្យដឹងថា ពេលនេះលោក Pochettino ត្រៀមចាកចេញពី PSG ព្រោះតែលោកមិនសប្បាយចិត្តក្នុងទីក្រុងប៉ារីស។ អតីតអ្នកចាត់ការ Spurs រូបនេះកំពុងតែរស់នៅសណ្ឋាគារ ខណៈគ្រួសារបន្តនៅទីក្រុងឡុងដ៏នៅឡើយ។ ហើយលោកមានការអន់ចិត្តខ្លះៗក្នុងការគ្រប់គ្រងលើកីឡាករធំៗដូចជា Messi, Neymar និង Mbappe ជាដើម។
Pochettino ធ្លាប់ត្រូវបានទាក់ទងជាខ្លាំងក្នុងការងារជាមួយ United ពេលដែល Solskjaer មកជំនួសកន្លែងលោក Jose Mourinho កាលពីខែធ្នូ ឆ្នាំ ២០១៨។ ប៉ុន្តែក្នុងពេលនេះ Pochettino នៅតែស្ថិតក្នុងការសម្លឹងឃើញពី Man Utd៕