ភ្នំពេញ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាតំណាងលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាចូលរួមជាគណៈអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន នៅពហុកីឡដ្ឋានព្រីនស៍។

លោក បឹង គីមតោ អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់ឲ្យដឹងថា វគ្គនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួមមកពី មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តចំនួន០៧រួមមាន រាជធានីភ្នំពេញមានសិក្ខាកាមចំនួន៤នាក់ ខេត្តបាត់ដំបងមានសិក្ខាកាមចំនួន៣នាក់ ខេត្តព្រៃវែងមានសិក្ខាកាមចំនួន២នាក់ ខេត្តកែបមានសិក្ខាកាមចំនួន១នាក់ ខេត្តកំពង់ស្ពឺមានសិក្ខាកាមចំនួន១ នាក់ ខេត្តក្រចេះមានសិក្ខាកាមចំនួន២នាក់ ខេត្តពោធិ៍សាត់មានសិក្ខាកាមចំនួន៣នាក់ និង នាយកដ្ឋានអប់រំកាយ និងកីឡាមានសិក្ខាកាមចំនួន៤នាក់។

ចំណែកនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិតមានសិក្ខាកាមចំនួន២នាក់ នាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍កីឡាមានសិក្ខាកាមចំនួន១នាក់ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាមានសិក្ខាកាមចំនួន៣នាក់ សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាមមានសិក្ខាកាមចំនួន១នាក់ សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារមានសិក្ខាកាមចំនួន១នាក់ សរុបរួមចំនួន២៩នាក់ ក្នុងនោះស្រីចំនួន៥នាក់។

ចំពោះគ្រូឧទ្ទេសជាមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលជាអ្នកធ្វើបទបង្ហាញលើ ផ្នែកទ្រឹស្តី និងអនុវត្តផ្ទាល់លើទីលាន នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ ចំពោះការរៀបចំវគ្គនេះមានការឧបត្ថម្ភដោយ ក្រសួង អប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡា៕
ដោយ៖លី ភីលីព
