ភ្នំពេញ ៖ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាង លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ចូលរួមជាគណៈអធិបតី ពិធីបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះ ក្នុងសាល កម្រិតមូលដ្ឋាន នៅពហុកីឡដ្ឋានព្រីនស៍ ។

លោក បឹង គីមតោ អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់ឲ្យដឹងថា វគ្គនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានសិក្ខាកាម ចូលរួមមកពី មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តចំនួន០៧រួមមាន រាជធានីភ្នំពេញ មានសិក្ខាកាម ចំនួន៤នាក់ ខេត្តបាត់ដំបង មានសិក្ខាកាម ចំនួន៣នាក់ ខេត្តព្រៃវែង មានសិក្ខាកាម ចំនួន២នាក់ ខេត្តកែបមានសិក្ខាកាម ចំនួន ១នាក់ ខេត្តកំពង់ស្ពឺ មានសិក្ខាកាម ចំនួន១ នាក់ ខេត្តក្រចេះ មានសិក្ខាកាម ចំនួន២នាក់ ខេត្តពោធិ៍សាត់ មានសិក្ខាកាម ចំនួន៣នាក់ និង នាយកដ្ឋានអប់រំកាយ និងកីឡាមានសិក្ខាកាម ចំនួន៤នាក់ ។

ចំណែកនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត មានសិក្ខាកាមចំនួន២នាក់ នាយកដ្ឋានរៀបចំ និងព្រឹត្តិការណ៍ កីឡាមានសិក្ខាកាម ចំនួន១នាក់ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាមានសិក្ខាកាម ចំនួន៣នាក់ សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម មានសិក្ខាកាម ចំនួន១នាក់ សាលាគរុកោសល្យ និងវិក្រឹតការខេត្តព្រះវិហារ មានសិក្ខាកាមចំនួន១នាក់ សរុបរួមចំនួន ២៩នាក់ ក្នុងនោះស្រីចំនួន៥នាក់ ។

ចំពោះគ្រូឧទ្ទេសជាមន្រ្តី បច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលជាអ្នកធ្វើបទបង្ហាញលើ ផ្នែកទ្រឹស្តី និងអនុវត្តផ្ទាល់លើទីលាន នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ ចំពោះការរៀបចំវគ្គនេះមាន ការឧបត្ថម្ភដោយ ក្រសួង អប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានអប់រំកាយ និងកីឡា ៕ដោយ៖លី ភីលីព
