ភ្នំពេញ៖ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានផ្តល់ផលប្រយោជន៍ចំនួន៣ដល់ប្រទេសកម្ពុជា នៅក្នុងមហាសន្និបាត ពីមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក។

លោក វ៉ាត់ចំ រើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាក្នុងឱកាសអមដំណើរលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានNOCC លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ផលប្រយោជន៍ទាំង៣ នោះរួមមានគឺទី១៖ កម្ពុជាបានចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីក្នុងនាម ជាសមាជិកពេញសិទ្ធិទី២៖គឺកម្ពុជាទទួលបានសិទ្ធិជាផ្លូវការ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN YOUTH GAMES) លើកទី៥នាឆ្នាំ២០២៩ ទី៣៖គឺកម្ពុជាទទួលបានជំនួយមួយចំនួនលើផ្នែកអប់រំស្មារតីអូឡាំពិកដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានសម្រេច ផ្តល់ជំនួយកសាងសារមន្ទីរអូឡាំពិកនៅពហុកីឡដ្ឋានជាតិ មរតេកតេជោដែលជាមជ្ឈមណ្ឌល អូឡាំពិកដ៏ធំមួយផ្ទុកនូវឯកសារប្រវត្តិ នៃចលនាអូឡាំពិកជាតិរបស់យើងហើយក៏ជាកន្លែងប្រមូល តាំងបង្ហាញសម្រាប់ការស្រាវជ្រាវនូវឯកសារកីឡាធំៗ អ្នកល្បីល្បាញនៅលើពិភពលោក នេះគេហៅថាជំនួយផ្នែក ការអប់រំអូឡាំពិក ឬ «សារមន្ទីរអូឡាំពិក» ។

លោកអគ្គលេខាធិការចាត់ទុកថា នេះជាបេសកកម្មជោគជ័យដ៏ត្រចេះត្រចង់ និងជាមហាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមចក្ខុវិស័យដ៏ត្រឹមត្រូវ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យគណៈប្រតិភូកីឡា កម្ពុជាចូលរួមក្នុងបេសកកម្មនាពេលនេះទទួល បានលទ្ធផលជោគជ័យប្រកបដោយមោទនភាពបំផុត។

សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាទទួលសិទ្ធិម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩នេះ លោក ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ឃួង ស្រេង ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្តល់-ទទួលសិទ្ធិជាផ្លូវការរួមគ្នាជាមួយប្រធានស្តីទី ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយទទួលបានការការគាំទ្រ អបអរសាទរពី៤៥ ប្រទេសនៃទ្វីបអាស៊ី៕
ដោយ៖លី ភីលីព
