កីឡា

វី សុភ័ស និងទូច ដេវីដន ប៉ះគ្នា វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Ultimate Boxing Championship

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួត ប្រដាល់សកល Ultimate Boxing Championship បានឈានដល់ វគ្គផ្ដាច់ព្រ័ត្រ ក្នុងនោះអ្នកប្រដាល់ជម្រើសជាតិ២រូប គឺកីឡាករ វី សុភ័ស ប៉ះគ្នាកីឡាករ ទូច ដេវីដ ដើម្បីដណ្តើមប្រាក់រង្វាន់ ចំនួន៣.០០០.០០០រៀល រីឯ អ្នកចាញ់ បានទទួល ១.០០០.០០០រៀល រៀបចំការប្រកួត ដោយសហព័ន្ធកីឡាសកលកម្ពុជា ត្រៀមព្រឹតិ្តការណ៍ការ ប្រកួតកីឡា SEA AMES 2021 នៅប្រទេសវៀតណាម ។

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា អ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នាម្ដងហើយ ដោយសុភ័សបានទទួលជ័យជម្នះ លើដេវីដដោយពិន្ទុ ។ កាលនោះដេវីដជាអ្នក ដែលអង្គុយរងចាំ ខណៈសុភ័សត្រូវជួបប្រកួត ជាមួយម៉ាង ព្រហ្មម៉ាញ ហើយសុភ័សប្រើពេលតែ២ទឹកប៉ុណ្ណោះ ផ្ដួលព្រហ្មម៉ាញឲ្យសន្លប់ បន្ទាប់មកសុភ័ស បានយកឈ្នះពិន្ទុលើដេវីដ ដែលអង្គុយចាំទៀតផង ។

សម្រាប់ការប្រកួត វគ្គផ្ដាច់ព្រ័ត្រនេះ មិនប្រាកដថា សុភ័សបានទទួលជ័យជម្នះម្ដងទៀតនោះទេ ហើយក៏មិនប្រាកដថា ដេវីដអាចនឹងសងសឹក យកឈ្នះវិញបានដែរ ។ ការប្រកួតលើកមុនមកដល់ថ្ងៃទី២៨ វិច្ឆិកា ខាងមុខនេះពួកគេសុទ្ធ តែប្រឹងប្រែងហ្វឹកហាត់ដូចគ្នា និងស្វែងរកចំណុចខ្សោយ របស់គ្នាទៅវិញទៅមកទៀតផង ។

កីឡាករ សុភ័សបាននិយាយថា ការប្រកួតនេះគេត្រៀមខ្លួនបានល្អណាស់ រួមទាំងកម្លាំង បច្ចេកទេស កលល្បិច សុខភាពត្រៀម និងថែរក្សាបានជានិច្ច ចំពោះដេវីដវិញក៏បាននិយាយថា សុភ័សមិនមែនជាអ្នកប្រដាល់ដែលងាយស្រួលផ្ដួលនោះឡើយតែរាល់ចំណុចខ្វះខាតរបស់គេ គឺគេបានបំពេញបានល្អ ។
ចំណែកគូឯក អ្នកប្រដាល់ មឿន សុខហ៊ុច ក្លិបនាយកដ្ឋានអង្គរក្ស ប្រកួតជាមួយអ្នកប្រដាល់ ថៃ រិទ្ធី មកពីសមាគមប្រដាល់ ក្រសួងការពារជាតិ និងអ្នកប្រដាល់ រឿម វណ្ណៈ ក្លិបនារាយណ៍តេជៈ ប៉ះអ្នកប្រដាល់ សែត សារឹត មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។

អ្នកប្រដាល់ជម្រើសជាតិ អំ ខេម ប្រកួតជាមួយអ្នកប្រដាល់ ឈុត ប្រាក់កាក់ មកពីក្លិបប្រដាល់តាឯកដំបង ដែកមានរិទ្ធខេត្តព្រៃវែង ក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ចំពោះ អ្នកប្រដាល់ធា រិទ្ធីប្រកួតជាមួយអ្នកប្រដាល់ នូវ ដារ៉ូ ៕

Most Popular

To Top