កីឡា

ចចាមអារ៉ាម​ថា​ Real ជា​ក្លឹប​ Haaland ចង់​ទៅ​ ប្រសិន​ជា​ចាក​ចេញ​ពី​ Dortmund នៅ​ឆ្នាំ​២០២២

ខ្សែ​ប្រយុទ្ធ​ Erling Haaland ត្រូវ​បានសារព័ត៌មាន​ Goal ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​ Real Madrid ជា​គោលដៅ ​ដែល​គេ​ចាប់​អារម្មណ៍​ ចង់​ទៅ​លេង​បន្ទាប់​ ប្រសិន​បើ​ជា​គេ​ចាកចេញ​ពី​ក្លឹប​ Borussia Dortmund នៅ​ក្នុង​ឆ្នាំ​ក្រោយ​ ។

រឿង​រ៉ាវ​ការ​ផ្លាស់​ប្ដូរ​ក្លឹប ​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ កាន់​តែ​មាន​ច្រើន​ ខណៈ​ដែរ​ កុងត្រា​ទិញ​ផ្ដាច់​សម្រាប់​ឲ្យ​ក្លឹប​ដទៃ​ទិញ​យក​ (Release Clasue)​ របស់​គេ​ដែល​មាន​តម្លៃ​ជាង​ ៨៤លាន​ដុល្លារ​ នឹង​ចាប់​ផ្ដើម​មាន​សុពលភាព ​នៅ​រដូវកាល​ក្ដៅ​ឆ្នាំ​២០២២ខាង​មុខ​។

បើ​តាម​ប្រភព​ខាង​លើ​ដដែល​នេះ​ Haaland មិន​ត្រឹម​តែ​ចាប់​អារម្មណ៍​ទៅ​លេង​នៅ​អេស្ប៉ាញ​នោះ​ទេ​ កីឡាករ​វ័យ​ ២១​ឆ្នាំ​នេះ ក៏​ចាប់​អារម្មណ៍​ចង់​នៅ​លេង​នៅ​អង់គ្លេស​ផង​ដែរ ​ដែល​ជា​ពិសេស​នោះ​គឺ​ក្លឹប​ Manchester City, Manchester United, Chelsea និង​ Liverpool ដែល​សុទ្ធ​តែ​ត្រូវ​បាន​សារព័ត៌មាន​ធំៗ​ចុះ​ផ្សាយ​ថា​ ធ្លាប់​បាន​ទាក់ទង​ចង់​បាន​ ។

យ៉ាង​ណា​ក្ដី​ចំពោះ​ក្លឹប​ Dortmund វិញ​តែង​តែ​លើក​ឡើង ​ឆ្លើយ​តប​ម្ដង​ហើយ​ម្ដង​ទៀត​នឹង​ព័ត៌មាន​ទាំង​នេះ​ថា​ Haaland នឹង​នៅ​បន្ត​រហូត​ដល់​ក្រោយ​ៗ​ រហូត​ដល់​ចប់​កុងត្រា​ឆ្នាំ​២០២៤ ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា​ ក្លឹប​នេះ​នឹង​ឡើង​ ប្រាក់​ពលកម្ម​ទ្វេដង​ឲ្យ​ខ្សែ​ប្រយុទ្ធ​នេះ​ ដើម្បី​ទាក់​ចិត្ត​ឲ្យ​នៅ​បន្ត​ ។

នៅ​ក្នុង​រដូវកាល​នេះ​ Haaland ចូល​លេង​ឲ្យ​ Dortmund បាន​ ១០​ប្រកួត​ហើយ​ ដោយ​រក​បាន​ ១៣​គ្រាប់​៕

Most Popular

To Top