លោក Ralf Rangnick បានបដិសេធមិនចង់បាន Cristiano Ronaldo តាំងពីឆ្នាំ២០១៦ម្ល៉េះ ដោយកាលនោះខ្សែប្រយុទ្ធព័រទុយហ្គាល់ទើបមានអាយុ៣០ឆ្នាំប៉ុណ្ណោះ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានទទួលការងារដឹកនាំក្រុម Manchester United ហើយ រយៈពេល៦ខែ បន្ដពីលោក Ole ដែលត្រូវក្លឹបដកចេញ។ វត្ដមានរបស់លោកនឹងដឹកនាំក្រុម ចាប់ពីសប្ដាហ៍នេះទៅ ហើយក៏នឹងមានការកែប្រែច្រើនមិនខាន ព្រោះលោក Rangnick នេះ ពិតជាអ្នកចាត់ការពោរពេញ ដោយបទពិសោធ និងមានការទាមទារ ពីកីឡាករច្រើន។

អ្វីដែលគេកត់សម្គាល់ទៀតនោះ វាអាចនឹងប៉ះពាល់ ដល់នាទីលេងរបស់ Cristiano Ronaldo ផងដែរ ព្រោះតាំងពីឆ្នាំ២០១៦ម្ល៉េះ ដែលអ្នកចាត់ការខាងលើចាត់ទុកថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ជាកីឡាករចាស់ ទៅហើយ។ ដោយកាលនោះ Ronaldo មានអាយុ៣០ឆ្នាំ ហើយលោក Rangnick នៅដឹកនាំក្រុម RB Leipzig ។

ពេលនោះមានគេសួរលោកថា បើមានឱកាស ចុះកុងត្រា Messi និង Ronaldo ហើយលោកនឹងយកពួកគេទាំងពីរឬទេ? បុរសវ័យ៦៣ឆ្នាំបានឆ្លើយថា៖ “ប្រាកដណាស់គឺមិនយកទេ ពួកគេចាស់ណាស់ទៅហើយ។ យើងមានទស្សនវិជ្ជាផ្ទាល់ខ្លួនរបស់យើង ហើយពួកគេចូលមក មិនអាចធ្វើវាបានជាមួយយើងឡើយ”៕ Source: Sabay
