តាកែវ៖ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិកខេត្តាកែវ បានរៀបចំដំណើរការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២១ ដែលមានប្រតិភូកីឡាចំនួន ៧០ នាក់ មកពីស្រុក ជុំវិញខេត្ត តាកែវ ដោយមានការអញ្ជើញចូលរួមពិធីបើក ដោយលោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ និងលោក ហឿង សុផន អនុរដ្ឋលេខាធិការរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាថា ដោយមានការ អនុញ្ញាតគោលការណ៍ ពីគណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា និងលោកអភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងអនុគណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំពិកខេត្តតាកែវ បានរៀបចំដំណើរ ការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ខេត្ត និងខេត្តប្រចាំឆ្នាំ២០២១ រួមបញ្ចូលកម្មវិធីកីឡាករ វ័យក្មេង ក្នុងគោលបំណងផ្តល់ ឱកាសឲ្យក្រុមកីឡាករ កីឡាការិនី ខេត្តបានជួបជុំគ្នាធ្វើការប្រកួតប្រជែង ដើម្បីចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនីជនបញ្ញាខ្សោយ ។

លោកបានបន្តថា ការប្រកួតនេះមិនមែនដើម្បី ជ័យជម្នះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ ភាពរើសអើង និងផ្តល់ឱកាស ចូលរួមសកម្មភាព ក្នុងសង្គមតាមរយៈវិស័យកីឡា ស្រប តាមចលនាស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ជាតិ ថ្នាក់អនុតំបន់ទន្លេមេគង្គថ្នាក់ពិភពលោក ។ ជាពិសេសការប្រកួតនេះ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២១ និងការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់អន្តរជាតិនានា នៅឆ្នាំ២០២២ ។

លោកអគ្គលេខាធិការបានបន្ថែមថា ការប្រកួតនេះ ពិតជាមានសារៈសំខាន់បំផុតព្រោះជាបណ្តើរៗ អាចពង្រីចលនាកីឡាជនបញ្ញាខ្សោយនៅតាមក្រុង ស្រុក និងឲ្យបានដល់ឃុំ ភូមិ តាមទីជនបទ និងតំបន់ដាច់ស្រយាល ដែលអាច ផ្តល់ឱកាសឲ្យពួកលោកបានចូល រួមសកម្មភាពកីឡា ក៏ដូចជាភាពសប្បាយ រីករាយ និងធ្វើឱ្យចលនាកីឡាជនបញ្ញា ខ្សោយកាន់តែផុសផុលទូលំទូលាយ សំដៅបម្រើឲ្យជនបញ្ញាខ្សោយ ទទួលបាននូវការលើកកម្ពស់សិទ្ធិតម្លៃ និងឱកាសក្នុងការចូលរួម ដែលអាចជៀសផុត ពីការរើសអើងផេ្សងៗនៅក្នុងសង្គម ៕ដោយ៖លី ភីលីព
