លោក Ralf Rangnick បានចូលខ្លួនឈរបញ្ជាក្រុម Manchester United ជាលើកដំបូងហើយកាលពីយប់មិញ ដោយយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ១-០។
សម្រាប់ប្រកួតដំបូងនេះដែរ ក្រៅពីជ័យជម្នះហើយ អ្នកគាំទ្របិសាចក្រហមក៏កោតសរសើរចំពោះទម្រង់លេងរបស់ក្រុមផងដែរ ជាពិសេសការប្រដេញបាល់លឿនៗតែម្ដង។ ត្បិតតែទើបហាត់ជាមួយគ្រូថ្មីបាន១ដង ប៉ុន្តែក្រុម Man Utd មានការប្រែប្រួលច្រើនទៅលើចង្វាក់លេង និងប្រឹងប្រយុទ្ធមិនសម្រាកនោះទេពេញ៩០នាទីតែម្ដង។

ក្នុងនោះដែរបើតាមការមើលឃើញរបស់លោក Rangnick គឺលោកសរសើរទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo ជាខ្លាំង។ បុរសវ័យ៣៦ឆ្នាំនេះ ត្បិតតែលេងប្រយុទ្ធទោលខាងលើមែន ប៉ុន្តែនៅពេលបាត់បាល់ គឺរូបគេរត់ចុះមកជួយខាងក្រោមជានិច្ច។ ការប្រជែងបាល់របស់ Ronaldo ត្រូវបានអ្នកចាត់ការអាល្លឺម៉ង់ពេញចិត្តជាខ្លាំង និងផ្ដល់ការគោរពចំពោះទឹកចិត្តជួយក្រុមពីសំណាក់ CR7។ ដោយនេះជាអ្វីដែលលោកចង់បាន ហើយវានឹងកាន់តែល្អជាងនេះទៀតសម្រាប់ការប្រកួតបន្ទាប់ ដោយលោក Rangnick នឹងប្ដូរយុទ្ធសាស្ត្រដោយអាចលេងប្រយុទ្ធ២នាក់ម្ដង ដើម្បីឱ្យ Ronaldo មានដៃគូ៕
