កីឡា

ក្រុមខេត្តកំពតផ្តួល​ ក្រុមម្ចាស់មេដាយមាស ច្រើនជំនាន់គ្រង់តំណែងជើងឯក នៃការប្រកួតកីឡាទាញព្រ័ត្រជើងឯក ថ្នាក់ជាតិឆ្នាំនេះ

ភ្នំពេញ៖ លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងលោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នៅខេត្តកណ្តាលអញ្ជើញចូលរួមពិធីបិកព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។


លោកស្រី ប្រាក់ សម្ជស្ស អគ្គលេខាធិការសហព័ន្ធបាននិយាយថា ការប្រកួតនេះមានសមាគនកីឡាទាញព្រ័ត្រចំនួន៩ដែលមានក្រុមកីឡាករ-កីឡាការិនីចូលរួមចំនួន១៦ក្រុមដូចជាសមាគនកីឡាទាញព្រ័ត្រខេត្តកែប សមាគនកីឡាទាញព្រ័ត្រខេត្តកំពត សមាគនកីឡាទាញព្រ័ត្រខេត្តបាត់ដំបង សមាគនកីឡាទាញព្រ័ត្រក្រសួងមហាផ្ទៃ សមាគនកីឡាទាញព្រ័ត្រទ័ពជើងទឹក សមាគនកីឡាទាញព្រ័ត្រខេត្តស្វាយរៀង សមាគនកីឡាទាញព្រ័ត្រខេត្តកណ្តាល សមាគនកីឡាទាញព្រ័ត្រខេត្តព្រៃវែង និងសមាគនកីឡាទាញព្រ័ត្រក្រសួងការពារជាតិ។ សម្រាប់ការប្រកួតឆ្នាំនេះសហព័ន្ធបានដាក់វិញ្ញាសាចំនួន២វិញ្ញាសា គឺផ្នែកបុរស៤នាក់ទល់៤នាក់ និងផ្នែកនារី៤នាក់ទល់៤នាក់ ។


សម្រាប់លទ្ធផលវិញ្ញាសាផ្នែកបុរស៤នាក់ទល់៤នាក់គឺមេដាយមាសបានទៅលើក្រុមខេត្តកំពតដោយផ្តួលក្រុមជើងខ្លាំង និងជាម្ចាស់មេដាយមាសជាច្រើនជំនាន់ក្រុមខេត្តបាត់ដំបង ចំណែកក្រុមម្ចាស់ផ្ទះខេត្តកណ្តាលទទួលបានមេដាយសំរិទ្ធ រីឯវិញ្ញាសាផ្នែកនារី៤នាក់ទល់៤នាក់ មេដាយមាសបានទៅលើក្រុមខេត្តបាត់ដំបងដោយក្រុមជើងខ្លាំងនេះនៅរក្សាមេដាយមាសរបស់ខ្លួនដដែល ក្រុមខេត្តស្វាយរៀងបានត្រឹមមេដាយប្រាក់ និងក្រុមខេត្តកំពតទទួលបានមេដាយសំរិទ្ធ៕

ដោយ៖លី ភីលីព

Most Popular

To Top