កីឡា

លោក តែម ម៉ឺន​ ៖ ​គណៈបច្ចេកទេស និងអាជ្ញាកណ្ដាល ចៅក្រមរបស់សហព័ន្ធទំាងអស់ ត្រូវមានឆន្ទៈ ក្នុងការបំពេញការងារ លើសង្វៀនប្រកួតអស់ពីចិត្ត

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរង គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាប្រធានសហ័ន្ធកីឡា ប្រដាល់គុនខ្មែរ លោកសាស្ត្រា ចារ្យ ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា តំណាងរបស់ក្រសួងអបរំ យុវជន និង កីឡា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រមកម្រិតមធ្យម របស់ខ្លួននៅថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០២១ នៅសាលប្រជុំ ក្នុងមជ្ឈមណ្ឌលកីឡា កងយោធពលខេរភូមិន្ទ ស្តាតចាស់ ។

លោក និន ភិរម្យ អគ្គលេខាធិការ រងសហព័ន្ធកីឡាគុនខ្មែរបានឲ្យដឹងថា សិក្ខាកាមមានចំនួន២៥រូប ក្នុងនោះកម្រិតមធ្យមមានចំនួន២៥រូប ដែលមានមួយរូបជានារី ក្រៅពីនោះជាអតីតកីឡាករប្រដាល់ល្បីៗ ។ នេះជាវគ្គបឋមដែលការសិក្សាផ្ដោតសំខាន់ ទៅលើបច្ចេកទេស និងក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះបានទទួលវិញ្ញាបនប័ត្រដែលមានតម្លៃសម្រាប់ការចូលរួមបំពេញការងារ ក្នុងការប្រកួតប្រដាល់គុនខ្មែរ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានប្រាប់បណ្ដាញពត៌មានថា វគ្គនេះគឺចំណាយថវិកា របស់ក្រសួងអប់រំយុវជន និង កីឡា ហើយសិក្ខាកាមដែលភាគច្រើន ជាគរុសិស្សមកពីវិទ្យា ស្ថានជាតិ អប់រំកាយ និងកីឡានោះសុទ្ធតែជាអ្នកមានចំណេះដឹង ខាងកីឡាខ្ពង់ខ្ពស់ ហេតុនេះពួកគេងាយនឹងទទួលយកនូវពុទ្ធិថ្មីៗទាំងអស់ ។ សិក្ខាកាមទាំងអស់មិនត្រឹមតែ ពួកគេសុទ្ធតែមានអាយុ ៣៥ឆ្នាំចុះ ពួកគេមានចំណេះដឹង និង មានកាយសម្បទាល្អ គឺសហព័ន្ធមិនយកអ្នក ដែលមានកំពស់មិនគ្រប់គ្រាន់នោះទេ ។

លោកបានបន្តថា សិក្ខាកាម ដែលជាអាជ្ញាកណ្ដាល ចៅក្រម ត្រូវមានឆន្ទៈក្នុងការបំពេញការងារ នៅលើសង្វៀន ប្រកួតដាច់ខាន មិនមែនរៀនចប់ ហើយប៉ុន្មានខែ ក្រោយមកបែរជាទទួលពិន័យ របស់សហព័ន្ធដោយការកាត់ក្តីមិនត្រូវត្រឹមនោះឡើយ ។ សម្រាប់ការបំពេញការងារ តាមស្ថានីយ៍ មិនមែនជាការជួលនោះឡើយ គឺជាការធ្វើការស្ម័គ្រចិត្ត មួយទៀត អាជ្ញាកណ្ដាល ចៅក្រមអញ្ជើញឲ្យមករៀន វគ្គអាជ្ញាកណ្ដាល ចៅក្រមមិនមករៀន ហើយចង់ធ្វើអាជ្ញាកណ្ដាល ចៅក្រមមិនអាចទៅរួច ដូច្នេះបើមិនមករៀន មិនអនុញ្ញាតឲ្យធ្វើអាជ្ញាកណ្ដាល ចៅក្រមតាមស្ថានីយ៍ឬឈប់រហូតតែម្តង ។

សូមបញ្ជាក់ថា វគ្គនេះឧទ្ទេសនាម ដោយលោកវេជ្ជាបណ្ឌិតឆឹង យ៉ៅយ៉េន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ជាប្រធានសហព័ន្ធន្ធកីឡា សកលកម្ពុជា លោកអ៊ិន ខេមរិន្ទ និង លោកមាស សុខគ្រី ៕

Most Popular

To Top