ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបំភាន់អ្វីដែលគេហៅថា “ការធ្វើពហិការការទូត” នៃកីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង ដោយលើកឡើងថា ប្រទេសចិន នឹងចាត់វិធានការ តបតប្រសិនបើសហរដ្ឋអាមេរិក ទទូចឱ្យធ្វើដូច្នេះ។
អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរ អំពីផែនការ របស់រដ្ឋបាលលោក បៃដិន ក្នុងការប្រកាសអ្វីដែលគេហៅថា “ការធ្វើពហិការ ការទូត” នៅសប្តាហ៍នេះ។
លោកបានលើកឡើងថា “សហរដ្ឋអាមេរិកគួរតែយកចិត្តទុកដាក់ ចំពោះការព្រួយបារម្ភ របស់ប្រទេសចិន ជៀសវាងពីការធ្វើនយោបាយកីឡា និងបញ្ឈប់ការបំភាន់អ្វី ដែលគេហៅថា “ពហិការការទូត” នៃកីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង ដើម្បីជៀសវាងការប៉ះពាល់ដល់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗ” ។
លោក ចាវ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាមិនមែនជាដំណាក់កាល សម្រាប់ការរៀបចំនយោបាយ និងឧបាយកលនោះទេ ដោយលោកបានបន្ថែមថា ការបំផុសគំនិតឥតឈប់ឈរ របស់អ្នកនយោបាយអាមេរិកអំពី “ការធ្វើពហិការការទូត” ទោះបីជាមិនត្រូវបានអញ្ជើញ ឱ្យចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ក៏ដោយ បំពានធម្មនុញ្ញអូឡាំពិក ធ្វើឱ្យប្រជាជនចិនអាក់អន់ចិត្ត និងជាការញុះញង់ នយោបាយសុទ្ធសាធ ។
ជាការឆ្លើយតបទៅ នឹងការកត់សម្គាល់ របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison ដែលអូស្ត្រាលីកំពុងពិចារណាលើបញ្ហា “ការធ្វើពហិការការទូត” នៃកីឡាអូឡាំពិករដូវរងា ទីក្រុងប៉េកាំង លោក ចាវ បានលើកឡើងថា វាគឺជាអត្តពលិកជុំវិញ ពិភពលោក ដែលគួរតែយកចិត្តទុកដាក់ ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង មិនមែនអ្នកនយោបាយនោះទេ។
លោកបានបន្ថែមថា “អ្នកនយោបាយទាំងនោះដែលស្រែកថា ‘ពហិការ’ កំពុងស្វែងរកផលប្រយោជន៍ នយោបាយរៀងៗខ្លួន។ គ្មាននរណាម្នាក់ខ្វល់ថា ពួកគេមកឬអត់ទេ ហើយវានឹងមិនប៉ះពាល់ដល់ការធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងាដោយជោគជ័យ របស់ទីក្រុងប៉េកាំងនោះទេ៕
ដោយ ឈូក បូរ៉ា