ខេត្តកែប : ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កម្មវិធីបោះជំរំហ្វឹកហាត់ កីឡាទ្រីយ៉ាត្លុងកម្ពុជា កំពុងដំណើរការពីថ្ងៃទី ៤ដល់ថ្ងៃទី១១ ខែធ្នូ នៅខេត្តកែប ដើម្បីត្រៀមចូលរួមប្រកួតជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២១ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែប ។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា គូសបញ្ជាក់ថា ការបោះជំរំហ្វឹកហាត់ របស់ក្រុមជម្រើស ជាតិ កីឡាទ្រីយ៉ាត្លុងនេះ ទទួលបានបង្វឹកពីគ្រូបង្វឹកជាតិ-អន្តរជាតិ ចំនួន៣រូប គឺលោក Francisco ជនជាតិអ៊ីតាលី ដែលជាអ្នកជំនាញ ផ្តល់ការបង្រៀន តាមប្រព័ន្ធអនឡាញ, លោក Derrick Murray ជនជាតិណូវែលសេឡង់ ដែលជាគ្រូបង្វឹកជម្រើសជាតិ ទ្រីយ៉ាត្លុងកម្ពុជា (បង្ហាត់ផ្ទាល់) និងគ្រូជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា លោក ចេង ចាន់ដារ៉ា ជាអ្នកជួយសម្របសម្រួល។ គោលដៅនៃការបោះជំរំហ្វឹកហាត់នេះ គឺដើម្បីត្រៀមចូលរួមប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលគ្រោងធ្វើឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែប ។
អគ្គលេខាធិការ រូបនេះ បញ្ជាក់ថា ការបោះជំរំហ្វឹហាត់នេះ ទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) តាមរយៈអង្គការសាមគ្គី អូឡាំពិក (OS) និងក្រោមការ ឧបត្ថម្ភគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា ។ ជាទូទៅ សម្រាប់ការហ្វឹកហាត់ បង្កើន គុណភាពបច្ចេកទេស របស់ក្រុមជម្រើជាតិ គឺសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា តែងតែស្នើសុំទៅ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រមូលផ្តុំហ្វឹកហាត់ រយៈពេលវែង នៅខេត្តកែបនេះ សម្រាប់ការត្រៀមចេញ ទៅប្រកួតស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា។