កីឡា

ការប្រកួត២៨គូ ឈ្នះ១២ប្រកួត ដោយស្វ័យប្រវត្តិ ក្នុងការប្រកួតប្រដាល់សកល​ ជើងឯកជាតិឆ្នាំ២០២១

ភ្នំពេញ៖ ការប្រកួតប្រដាល់សកលជើងឯកជាតិ ឆ្នាំ២០២១ ល្ងាចថ្ងៃទី២៤ធ្នូ ដែលជាថ្ងៃប្រកួតទី២នោះ មានការប្រកួតចំនួន២៨គូ តែក្នុងចំណោមនេះមាន១២គូហើយ ដែលឈ្នះដោយស្វ័យប្រវត្តិ ដោយសារតែគូប្រកួតរបស់ខ្លួនអវត្តមាន ។

ការអវត្តមានបែបនេះ មិនដឹងថាដោយសារតែពួកគេ រក្សាតម្ងន់មិនបាន ឬមានបញ្ហាសុខភាពឬ ក៏ត្រូវជួបជាមួយជាគូប្រកួតដែលមានកម្រិតខ្ពស់ជាង ឬ ក៏យ៉ាងណាឡើយ ។

លោក ពេជ្រ សុផែន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា អ្នកអវត្តមានទាំងនោះមួយចំនួយ រក្សាទម្ងន់មិនបាន នេះទំនងជាគេបរិភោគអាហារ ដោយខ្វះការប្រុងប្រយ័ត្ន ទើបទម្ងន់របស់គេហក់ឡើងខ្ពស់ រហូតមិនអាចសម្រាកបាន ។

ចំពោះមួយចំនួនទៀត គឺដោយសារតែគេចាប់ឆ្នោត ទៅត្រូវជួបជាមួយអ្នកប្រដាល់ជម្រើសជាតិ ទើបគេទទួលយកការចាញ់ ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឡើងប្រកួត ។

លោកបន្តថា ជាគោលការណ៍របស់សហព័ន្ធ គឺតម្រូវឲ្យពួកគេឡើងប្រកួត​ ទោះបីគេដឹងពីលទ្ធផលមុនថា ពិតជាចាញ់ក៏ដោយព្រោះឡើងប្រកួត នឹងបានទទួលលុយតម្លៃខ្លួន បើមិនឡើងទេ គឺមិនបានឡើយ តែពួកគេមិនឡើងប្រកួត ។

សូមបញ្ជាក់ថា ក្នុងការប្រកួតចំនួន២៨គូ នាថ្ងៃទី២៤ធ្នូនោះ មានការប្រកួតដោយឈ្នះ ចាញ់ពិន្ទុ១២គូ បោះបង់ការប្រកួតកណ្ដាលទី ដោយសារមិនអាចតស៊ូបានមួយគូ អាជ្ញាកណ្ដាលបញ្ឈប់ពាក់កណ្ដាលទី ដោយសារអសមត្ថភាព២គូ សន្លប់៣គូ និង ១២គូទៀតអវត្តមានម្ខាងៗ ៕ ដោយ៖លី ភីលីព

Most Popular

To Top