ជា ស៊ីដេត កីឡាករមានថ្វីដៃ លើប្រភេទកីឡាអុកចត្រង្គ រំលឹកពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ ត្រូវសន្លប់រហូត២០ថ្ងៃ និងបាត់បង់ដៃឆ្វេង ប៉ុន្តែមិនបោះបង់កីឡា នៅតែតស៊ូលេងជាប់លេខ២ ជើងឯកថ្នាក់ជាតិ។

កីឡាករ ជា ស៊ីដេត បានឲ្យដឹងថា ចំពោះរឿងពិការដៃឆ្វេងនេះ គឺកើតឡើងប្រហែល២ឆ្នាំមុននេះទេ នៅពេលដែលលោកបើកឡានជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសថៃ។ រំលឹកដល់រឿងអតីតកាលជើងខ្លាំង លេងអុកចត្រង្គរូបនេះជួបគ្រោះថ្នាក់កាលនោះសន្លប់រហូតដល់ទៅ ២០ថ្ងៃទើបដឹងខ្លួន និងត្រូវសម្រាក ក្នុងពេទ្យប្រហែល១ខែផងដែរ។

បើទោះជាពិការដៃម្ខាង មិនដូចមុនក្ដីបុរសវ័យ ៣៨ឆ្នាំរូបនេះ មិនបានបាក់ទឹកចិត្ត ឬបោះបង់ក្ដីសង្ឃឹមនោះឡើយ ពោលនៅខំប្រឹងបន្តមុខរបរ ជាអ្នកបកប្រែថៃ និងទំនាក់ទំនងការងារ ពលករដូចមុន។ ពិសេសទៀតនោះ គឺមិនមានប៉ះពាល់ដល់ខួរក្បាលជាហេតុ មិនអាចបន្តការលេងអុកចត្រង្គ របស់លោកទេ។ អ្នកខេត្តបាត់ដំបងខាងលើ នៅតែលះបង់ និងបន្តក្ដីស្រមៃក្នុងការចូលរួមប្រកួតកីឡាអុកចត្រង្គ របស់លោករហូតជាប់លេខ២ កាលពីពេលថ្មីៗនេះ ក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១។

រំលឹកដែរថា កីឡាករ ជា ស៊ីដេត ជាអតីតម្ចាស់ពានលេខ១ ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តកោះកុងកន្លងទៅ។ លោកចាប់លេងអុក ប្រហែល២០ឆ្នាំមកហើយ។ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នេះ ស៊ីដេត បានជាប់លេខ២ កម្មវិធីជើងឯកថ្នាក់ជាតិ បន្ទាប់ពីលេងស្មើគ្នា២ក្កា និងចាញ់ម៉ោងលើកីឡាករ ម៉េង សេរីសម្បត្តិ៕ Source: Sabay
