ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីរបស់សមាគមកីឡាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រងតំណែងជើងឯក ខណៈក្រុមកីឡាករ-កីឡាការិនីរបស់ក្លិបគុជសាសរមានរិទ្ធ ឈរលំដាប់លេខ២ នៃព្រឹត្តិការណ៍ការប្រកួតប្រដាល់សកលជ្រើសរើសជើងឯកជាតិឆ្នាំ២០២១ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។
លោក ប៊ុយ សោភ័ណ្ឌបាននិយាយថា ការប្រកួតនេះក្រោមការប្រើប្រាស់គម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ពន្លឿនការអភិវឌ្ឍ ន៍សហព័ន្ធកីឡាជាតិ និងដើម្បីវាស់ស្ទង់នូវកម្រិត សមត្ថភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីផងនោះ សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជាបានរៀបចំបើកការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅក្លិបប្រដាល់នាយកដ្ឋានអង្គរក្ស រាជធានីភ្នំពេញដែលការប្រកួតផ្តាច់ព្រ័ត្រចុងក្រោយត្រូវបានបញ្ចប់ផ្លូវការ។
ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះ ក្រុមកីឡាករ-កីឡាការិនីរបស់សមាគមកីឡាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយ៧គ្រឿងក្នុងនោះមេដាយមាស៥គ្រឿង ក្រុមកីឡាករ-កីឡាការិនីរបស់ក្លិបគុជសាសរមានរិទ្ធ ដណ្តើមបានមេដាយ៣គ្រឿង មេដាយមាស១គ្រឿង ក្រុមកីឡាករ-កីឡាការិនីរបស់ខេត្តកណ្តាលដណ្តើមបានមេដាយ២គ្រឿង មេដាយមាស១គ្រឿង ៕ដោយ៖លី ភីលីព