ភ្នំពេញ៖ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន សាមុត ប្រធាននាយកដ្នានអប់រំ កាយ និងកីឡា និងលន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជាបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្ដាលកម្រិត១ ឆ្នាំ២០២១ ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លន់ សាមឌី លោកបាននិយាយថា លោកសូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធដែលខិតខំអស់ពីកម្លាំង កាយចិត្តដើម្បីអភិវឌ្ឍនវិស័យបាល់ឱបនៅកម្ពុជាឲ្យមានការរីកចម្រើន នឹងបានការទទួលស្គាល់ពីសហព័ន្ធអន្តរជាតិ។ ក្រសួងអប់រំ យុវជន និងកីឡា តែងតែយកចិត្តទុកដាក់នូវគ្រប់សហព័ន្ធជាតិសំដៅធ្វើយ៉ាងណាឲ្យមានការរីកចម្រើនត្រៀមលក្ខណសម្បត្តិធ្វើជាម្ចាស់ផ្ទះ SEA Games 2023 ក្រសួងបានទំលាក់កញ្ចប់ថវិកាដល់សហព័ន្ធជាតិមួយ ចំនួនសម្រាប់ចូលរួមសម្មភាពអភិវឌ្ឍនកីឡា ក្នុងនោះក៏មានប្រភេទបាល់ឱបផងដែរ។
លោកបន្តថា ហើយថវិការដែលបានផ្តល់ជូន គឺ សម្រាប់ចំណាយការងាររដ្ឋបាល ការងារបណ្ដុះបណ្ដាល និងរៀបចំការប្រកួត តាមរយៈកញ្ចប់ថវិកានេះ យើងសង្កេត ឃើញថា បន្ទាប់ពីសហព័ន្ធកីឡាបាល់ឱបកម្ពុជាទទួលបានកញ្ចប់ថវិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ឃើញ ថាទទួលបានអភិវឌ្ឍន៍ច្រើន ទាំងលើផ្នែកធនធានមនុស្ស ក៏ដូចជា ការចូលរួមប្រកួតផ្សេងៗ ជាពិសេសការប្រកួតនៅ ក្នុងស្រុក ទោះបីជាស្ថិតក្នុងបរិបទមេរោគCOVID-19 ក៏យើងអាចរៀបចំការប្រកួតបានដោយគោរពតាមនៅវិធានការរបស់ ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះដែរ សិក្ខាកាមមន្ត្រីអាជ្ញាកណ្ដាលរបស់យើងមានការរីកចម្រើនដែលទទួលបានវគ្គជាច្រើន តាមរយៈទទួលបានកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសសហព័ន្ធទាំងមូល។
លោក ហ៊ុន សាមុតបានមានប្រសាសន៍ថា សិក្ខាកាមមន្ត្រីអាជ្ញាកណ្ដាលបានទទួលចំណេះដឹងនេះហើយត្រូវចូលរួមសម្មភាពអភិវឌ្ឍនកីឡាបាល់ឱបកម្ពុជាឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងត្រៀមលក្ខណសម្បត្តិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games 2023 លើកទី៣២ ហើយត្រូវអភិវឌ្ឍន៍ឲ្យច្រើនទាំងលើផ្នែកធនធានមនុស្ស ក៏ដូចជា ការចូលរួមប្រកួតផ្សេងៗ ជាពិសេសការប្រកួតនៅ ក្នុងស្រុក៕ដោយ៖លី ភីលីព