ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានប្រកាសបើកការប្រកួតកីឡាពានរង្វាន់ ៧មករា ដើម្បីអបអរសាទរទិវា ៧មករា ១៧៩៧ -៧ មករា ឆ្នាំ២០២២ ជាផ្លូវការហើយនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតធ្វើឡើងដើម្បីអបអរសាទរទិវា ៧មករា ១៩៧៩–២០២២ ហើយក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នាពេលខាងមុខនេះ។
ព្រឹត្តិការណ៍នេះចាប់ផ្ដើម ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ដែលដាក់ឲ្យប្រកួត នូវកីឡាចំនួន២ប្រភេទ គឺបាល់ទាត់ និងប៉េតង់ ។
ការប្រកួតនេះ បាល់ទាត់មាន ១៩ក្រុម រីឯប្រភេទកីឡាប៉េតង់ ចែកចេញជាប្រភេទយុវជន យុវតី និងវ័យចាស់ សម្រាប់យុវជនមាន៥ក្រុម យុវតីមាន ៣ ក្រុម និងវ័យចាស់មាន១២។
កីឡាបាល់ទាត់យើងចាប់ផ្តើម ការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ រីឯកីឡាប៉េតង់ ចាប់ផ្តើមការប្រកួតជាផ្លូវការ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ។
គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលការិយាល័យអប់រំកាយ និង កីឡាខេត្តកណ្ដាល រៀបចំធ្វើជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ៕ ដោយ៖លី ភីលីព