ភ្នំពេញ៖លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា ការបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្ឋាននៅខេត្តសៀមរាបនេះ ជាផែនការមេរបស់លោកគៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងការពង្រីកសមាគម និងក្លិបកីឡាវាយកូនឃ្លីលើតុ នៅទូទាំងប្រទេសកម្ពុជា។

លោកបានបន្តថា សម្រាប់ការបើកវគ្គដើម្បីផ្សព្វផ្សាយ ឲ្យប្រជាជន និងសិស្សានុសិស្ស ស្គាល់ប្រភេទកីឡាវាយកូនឃ្លីលើតុ ព្រោះភាគច្រើននៅទូទាំងប្រទេស អត់ស្គាល់ប្រភេទកីឡានេះឡើយ។
ហើយចង់លោកគ្រូអ្នកគ្រូមួយចំនួន បានស្គាល់លេងកីឡាវាយកូនឃ្លីលើតុ មានគុណសម្បតិ្តអ្វីខ្លះ ដល់សុខភាព ព្រមទំាងបំផុសឲ្យសិស្សានុសិស្ស យុវជន និងយុវតីមកលេងកីឡាប្រភេទនេះ កាន់តែច្រើនក្នុងការបង្កើតធនធាន មនុស្សរបស់សហព័ន្ធ។
សហព័ន្ធ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានផ្តល់សម្ភារហ្វឹកហាត់ កីឡាវាយកូនឃ្លីលើតុ ដល់លោក លុយ ណក់ ដែលជាសិក្ខាកាមគ្រូបង្វឹក នៅខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្ឋាន នៅខេត្តសៀមរាប ចាប់ផ្តើមពីថ្ងៃទី២ ខែមករា ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២៕ ដោយ៖លី ភីលីព


