ភ្នំពេញ៖ ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើម បានមេដាយ១២គ្រឿង លើ៨វិញ្ញាសាច្រើនជាងគេនៅបើកឆាកដំបូង នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២១ និងអបអរសាទរ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការមណ្ឌលកីឡាហែលទឹក បាត់ដំបងនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ បាត់ដំបង ក្នុងខេត្តបាត់ដំបង រៀបចំដោយសហព័ន្ធខ្មែរ កីឡាហែលទឹក ប្រើប្រាស់ថវិកាឧបត្ថម្ភ ក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ក្លិបហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូនដណ្តើម បានមេដាយ១២គ្រឿង ក្នុងនោះមេដាយមាស៥គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ៣គ្រឿង ក្លិបហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ៦គ្រឿង រួមមានមេដាយមាស២គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយ៥គ្រឿងរួមមានមេដាយមាស១គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៣គ្រឿង និងក្លិបហែលទឹកក្រសួងព័ត៌មាន ទទួលបានមេដាយប្រាក់១គ្រឿង។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ យើងធ្វើឡើង មណ្ឌលកីឡាហែលទឹកបាត់ដំបង ដើម្បីផ្សព្វផ្សាយឲ្យប្រជាជន និងសិស្សានុសិស្ស ខេត្តបាត់ដំបង បានជ្រាប់ពីប្រភេទកីឡាហែលទឹក និងបង្កើធនធានមនុស្សសម្រាប់ខេត្តមួយនេះ។ ការប្រកួតមានក្រុមកីឡាករ-កីឡាការិនី និងគណៈប្រតិភូ គ្រូបង្វឹកចូលរួម១២៣នាក់ក្នុងនោះកីឡាករចំនួន ៧៤នាក់ កីឡាការិនី ៣៨ និងគ្រូបង្វឹក១១នាក់ មកពី៦ក្លិបរួមមានក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម និងក្លិបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។

លោកបានបន្តថា ដោយមានការ សហការរវាងសហព័ន្ធខ្មែរ កីឡាហែលទឹក និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជាក្នុងនោះយើងក៏ធ្វើការប្រកួតកីឡាជនពិការជើងឯកថ្នាក់ជាតិ ២០២២ ដើម្បីជ្រើសរើសពួកគាត់ចូលរួម ជាមួយក្រុមជម្រើសជាតិ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

ដោយ៖លី ភីលីព
