កីឡា

លោក ស សុខា៖ ការទទួលមេដាយសមិទ្ធផលសម្រាប់កម្ពុជា ក្នុងការដណ្តើមមេដាយ Sea games ២០២៣ នៅកម្ពុជា

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា សមិទ្ធផលមេដាយដែលសហព័ន្ធដណ្តើមបានពីលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់អតីតថ្នាក់ដឹកនាំជាច្រើនរូប បានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏មានសារៈសំខាន់មិនអាចកាត់ថ្លៃបាន ដើម្បីបន្តពូជទៅថ្ងៃអនាគត ជាពិសេសគឺគោលដៅស៊ីហ្គេមពីរលើកចំពោះមុខ គឺស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការធ្វើជាម្ចាស់ផ្ទះ sea games លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

លោក ស សុខា បន្ថែមថា ប្រភេទកីឡាប៊ូល និងប៉េតង់កម្ពុជាដណ្តើមបានមេដាយពីលើឆាកអន្តរជាតិ សរុបចំនួន ៣៧០គ្រឿងក្នុងនោះមេដាយមាស ១០៨គ្រឿង ប្រាក់១៣១គ្រឿង និងសំរឹទ្ធ១៣១គ្រឿង។ ខ្ញុំគិតថា សមិទ្ធផលនេះមិនអាចកាត់ថ្លៃបាន ហើយបើប្រៀបធៀបទៅនឹងសហព័ន្ធកីឡាជាតិដទៃៗទៀត គឺវិស័យកីឡាប៉េតង់កំពុងឈានមុខគេ ក្នុងការដណ្តើមមេដាយច្រើនជាងគេយកមកជូនជាតិ។ បើនិយាយពីការចូលរួមប្រកួតកីឡាស៊ីហ្គេម គឺប្រភេទកីឡាប៉េតង់ធ្លាប់ដណ្តើមបានមេដាយមាស ១១គ្រឿង។ ខ្ញុំជឿជាក់ថា យើងនឹងបន្តប្រជែងបានមេដាយជាបន្តបន្ទាប់ទៀត ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាតែម្តង។


ជាមួយគ្នានោះ ដើម្បីបន្តដំណើរការអភិវឌ្ឍវិស័យកីឡាប៉េតង់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត គឺឯកឧត្តមប្រធានសហព័ន្ធនឹងរៀបចំធ្វើតារាងប៊ូលឲ្យបាន៤ ក្នុងខេត្តនីមួយៗ ហើយប្រមាណ១០០តារាង សម្រាប់២៥រាជធានី-ខេត្តជាបន្តបន្ទាប់ ដោយឯកឧត្តមបានស្នើឲ្យក្លិប-សមាគមប៊ូលនិងប៉េតង់នានាស្នើមកសហព័ន្ធ ហើយប្តេជ្ញាពិនិត្យ និងសម្រេចតាមការស្នើសុំ។ ការរៀបចំសាងសង់តារាងប៊ូលនេះនឹងរៀបចំនូវការកំណត់ស្តង់ដាររួមមួយ ដូចសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលសាងសង់ទីលានបាល់ទាត់នៅគ្រប់រាជធានី-ខេត្ត ដើម្បីការអភិវឌ្ឍដូចគ្នា។ គម្រោងតារាងប៊ូលនេះអាចនឹងធ្វើរួចរាល់ ក្នុងរយៈពេល១ឆ្នាំ ដោយមិនទាន់បំពាក់ដំបូងនោះទេ ហើយសម្រាប់ឆ្នាំបន្ទាប់អាចនឹងសាងសង់ដំបូល១ ឬ២ ក្នុងចំណោមតារាងចំនួន៤។

ដោយ៖លី ភីលីព

Most Popular

To Top