កីឡា

លោក អ៊ូ រតនា៖ វគ្គនេះមានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាព ធនធានមនុស្ស លើផ្នែកអាជ្ញាកណ្តាល ចៅក្រមកម្រិតជាតិ និងអន្តរជាតិ

ភ្នំពេញ៖នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួម ជាកិត្តិយសក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រម និងអាជ្ញាកណ្តាលកីឡាវ៉ូវីណាមកមិ្រត “ក”នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧមត្ថម្ភ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក សំ សុខយី អនុប្រធានសហព័ន្ធ និងប្រធាគ្រប់គ្រងវគ្គបានរាយការណ៍ថា វគ្គបណ្តុះបណ្តាល ស្តីពី ចៅក្រមនិងអាជ្ញាកណ្តាលឆ្នាំ២០២១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ សមាសភាពសិក្ខាកាមចូលរួមមាន ២៥នាក់ នារី ៦នាក់ មកពីតាមបណ្តាខេត្តនានា ចំនួន១០រួមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តកំពត និងបណ្តាក្លិបកីឡាវ៉ូវីណាម មួយចំនួន ជាសមាជិករបស់សហព័ន្ធ។

វគ្គនេះមានកិត្តិយស អញ្ជើញគ្រូឧទ្ទេសជាជនជាតិវៀតណាម គឺលោកMaster Nguyen Van Coung ជាគ្រូបង្វឹកជាប់កិច្ចសន្យាបង្ហាត់ក្រុមជម្រើសជាតិជាគ្រូឧទ្ទេស លោក ទេព ជីវសុខុម គ្រូជំនួយបង្ហាត់ក្រុមជម្រើសជាតិកម្ពុជាជាគ្រូឧទ្ទេស លោកស្រី ប៉ាល់ ឆរស្មី កីឡាការិនីជម្រើសជាតិវ៉ូវីណាម ជាអ្នកបកប្រែបច្ចេកទេស។

លោក អ៊ូ រតនា បានមានប្រសាសន៍ថា ចំពោះវគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស លើផ្នែកអាជ្ញាកណ្តាល ចៅក្រម ដើម្បីយកទៅអនុវត្តលើទីលានប្រកួត ជាពិសេសសហព័ន្ធត្រូវបន្តជំរុញ អភិវឌ្ឍសមត្ថភាពពួកគាត់ ឆ្ពោះទៅជាអាជ្ញាកណ្តាល-ចៅក្រមកម្រិតអន្តរជាតិ ដើម្បីចូលរួមដឹកនាំការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ។

លោកបានបន្តថា វគ្គនេះជាចំណុច នៃការពង្រឹងសមត្ថភាពចៅក្រម និងអាជ្ញាកណ្តាលត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ដែលប្រព្រឹតិ្តចាប់ពីថ្ងៃទី២៤ដល់ថ្ងទី២៦ ខែមករា ២០២២នៅនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទំាងដើម្បីជ្រើសរើសអចៅក្រម និងអាជ្ញាកណ្តាល២រូបតំណាង ឲ្យប្រទេសកម្ពុជា ចូលរួមធ្វើចៅក្រម និងអាជ្ញាកណ្តាលកម្រិតអន្តរជាតិសម្រាប់ការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១នៅប្រទេសវៀតណាម៕ ដោយ៖លី ភីលីព

Most Popular

To Top