ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិកប្រតិបត្តិ គណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា និងជាប្រធាន សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១ កំបូល ព្រមទាំងសមាជិក-សមាជិកា កីឡាករ កីឡាការី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងតំណាងអង្គទូត នានាជាច្រើនរូបផងដែរ ។
លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិក ប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធ កីឡាបាញ់កាំភ្លើងកម្ពុជា បានអញ្ជើញថ្លែង ចំណាប់ អារម្មណ៍ ដោយធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក-សមាជិការទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បង្កើតឲ្យមានកម្មវិធីប្រកួតនេះឡើង ដែលជាការផ្តល់ ឱកាសដល់កីឡាករ-កីឡាការនីយើង អាចធ្វើការប្រកួតដណ្តើមជ័យលាភី ប្រកបដោយមិត្តភាព និងសាមគ្គីភាពគ្នា ។
លោកប្រធានក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលនិយមចូលចិត្ត កីឡាបាញ់កាំភ្លើង ឲ្យចូលរួមចុះឈ្មោះ ជាសមាជិក របស់សហព័ន្ធកីឡាបាញ់ កាំភ្លើងកម្ពុជាឲ្យបានច្រើន ដើម្បីមានឱកាសបានចូលរួមក្នុងការ បាញ់កាំភ្លើងនៅក្នុងក្របខណ្ឌ នៃការហ្វឹកហាត់ត្រៀមប្រកួត ជៀសវាងការប្រើប្រាស់កាំភ្លើង នៅទីសាធារណៈខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ។ លោកក៏បានថ្លែងអំណរគុណ ដល់វិស័យឯកជន ដៃគូសហការមួយចំនួន ដែលបានជួយឧបត្ថម្ភ គាំទ្រសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា នាពេលកន្លងមក ។
សម្រាប់លទ្ធផល៖ វិញ្ញាសាកាំភ្លើងវែង ៥០ម៉ែត្រ កីឡាករ ប៉ុក សុផាន់ណូ ក្លិបភ្នំពេញ ដណ្តើមបានមេដាយមាស កីឡាករ ស៊ីម សែម ក្លិប៩១១ ទទួលបានមេដាយប្រាក់ និងកីឡាករ ឡាង ចានធារ៉ា អាវុធហត្ថ ទទួលបានមេដាយសំរិទ្ធ ចំណែកវិញ្ញាសាភ្លើង៩មម កីឡាករ វុថា ដាវណ្ណ ង៧០ ឈ្នះមេដាយមាស កីឡាករ អាន កក្កដា ក្លិបបូកគោ ទទួលបានមេដាយប្រាក់ និងកីឡាករ ថាវរៈ ម៉ារ៉ាឌី ង៧០ ទទួលបានមេដាយសំរិទ្ធ។
ការប្រកួតខាងលើកនេះ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន៣៣នាក់ ក្នុងនោះកីឡាករចំនួន២៦នាក់ និងកីឡាការិនី ៩នាក់មកពិ៩ក្លិប ហើយការប្រកួត ចាប់ផ្តើមពីថ្ងៃទី២២ដល់២៣ ខែ មករា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១ កំបូលក្រោមការប្រើប្រាស់ ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា៕