កីឡា

ក្លិបកីឡាចំបាប់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយច្រើនជាងគេ នៃការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១

ភ្នំពេញ៖ ក្លិបកីឡាចំបាប់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយច្រើនជាងគេ នៃព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈរលំដាប់លេខ២នៅសហភាពសហព័ន្ធយុវជនកម្ពុជាភ្នំពេញ ក្នុងឳកាសពិធីបំពាក់មេដាយ និងប្រគល់ជយលាភីពីសំណាក់លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាច់កម្ពុជា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាច់កម្ពុជា និងអ្នកតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាភ្នំពេញ។


លោក ធិន វិចិត្តបាននិយាយថា យោងតាមផែនការមេ ផែនការសកម្មភាពប្រចាំឆ្នាំ និងផ្អែកទៅលើស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន សហព័ន្ធកីឡាចំបាប់កម្ពុជាបានពន្យាពេលការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១រហូតមកដល់ពេលនេះ ដោយអនុវត្តតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺCOVID-19។ ដើម្បីធ្វើការអភិវឌ្ឍប្រភេទកីឡាចំបាប់នូវហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស អាជ្ញាកណ្តាល ចៅក្រម កីឡាករ កីឡាការិនីឲ្យទទួលបានលទ្ធផលល្អ គុណភាពល្អ គុណផលខ្ពស់ ជាក់ស្តែងដូចព្រឹត្តិការណ៍ប្រកួត កីឡាចំបាប់នាពេលនេះ ដែលមានក្លិបកីឡាចូលរួមចំនួន ៤ មកពី ២ រាជធានី ខេត្ត ដោយមានកីឡាករចំនួន ៣៥នាក់ កីឡាការិនីចំនួន ១០នាក់ ប្រតិភូដឹកនាំចំនួន ៤នាក់ គ្រូបង្វឹកចំនួន ៧នាក់។


ដោយផ្អែកតាមលក្ខណៈបច្ចេកទេស នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ប្រព្រឹត្តទៅរហូតដល់ចប់តាមកម្មវិធីនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។ដោយផ្អែកតាមលក្ខណៈបច្ចេកទេស នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ រយៈពេល ៤ថ្ងៃកន្លងមក យើងសង្កេតឃើញថាកីឡាករ កីឡាការិនី បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មរតី និងបញ្ចេញសមត្ថភាពប្រកួតប្រជែងប្រកបដោយក្រមសីលធម៌តាមគោលការណ៍ Fair Play របស់គណៈកម្មការបច្ចេកទេស។


លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅសូមកីឡាករ-កីឡាការិនីដែលជាតួឯងត្រូវសម្រួចការហ្វឹកហាត់ឲ្យបានគត់មត់ ដើម្បីត្រៀមឆ្ពោះទៅSEA GAMES 2023 ហើយថ្នាក់ដឹកនាំនឹងឈរនៅពីក្រោយ ដើម្បីផ្តល់កម្លាំងចិត្ត ការឧបត្ថម្ភគាំទ្រជំរុញឲ្យប្អូនៗឈានទៅរកគោលដៅនៃវេទិកាកិត្តិយស ដែលប្អូនៗត្រូវក្តាប់យកឱកាសកិត្តិយសនេះឲ្យបាន។


ប្រសិនបើស៊ូទ្រាំនឹងការឈឺចាប់អត់បាន គឺទៅមិនរួចទេ សម្រាប់ប្រភេទកីឡាចំបាប់ ហើយនេះជាចំណុចសំខាន់ដែលកីឡាករចំបាប់ត្រូវឆ្លងកាត់។ ក្រោយការហ្វឹកហាត់នៅអ៊ីរ៉ង់ហើយ នៅដើមខែឧសភា ឆ្នាំ២០២២ ត្រូវត្រឡប់មកវិញត្រៀមចូលរួមប្រកួតប្រជែងមេដាយ SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ហើយនេះជាការប្រកួតយុទ្ធសាស្ត្រក្នុងការវាស់ស្ទង់ដៃឆ្ពោះមកSEA GAMES លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជាយើង៕

ដោយ៖លី ភីលីព

Most Popular

To Top