ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឳបជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ២០២១ ដោយមានការអញ្ជើញចូលរួមពិធីបិទជាផ្លូវការពពីសំណាក់លោក ទុយ ប៊ុនហឿន អនុនាយកដ្ឋានអប់រំកាយ និងកីឡា និងលោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជានៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ីម បឹងកេងកង រាជធានីភ្នំពេញក្រោមការឧបត្ថម្ភថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក លន់ សាមឌី អនុប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតប្រចាំឆ្នាំនេះ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីឆ្នើមចូលរួមក្រុមជម្រើសជាតិក្នុងការត្រៀមខ្លួនការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតកីឡាបាល់ឱបជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ក្រុមចូលរួមការប្រកួតមានចំនួន ១៤ក្រុមដូចជាក្រុមធំចំនួន៤ក្រុម ក្រុមនារី២ក្រុម និងក្រុមក្មេងៗ ចំនួន ៨ក្រុម។
ការប្រកួតជើងឯកថ្នាក់ជាតិ គឺជាការប្រកួតប្រជែងកម្រិតបច្ចេកទេសខ្ពស់បំផុត ប្រចាំឆ្នាំនីមួយៗ ដើម្បីស្វែងរកធនធានកីឡាករ កីឡាការិនីប្រកបដោយគុណភាពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការត្រៀមលក្ខណៈឱ្យបានរឹងមាំ ក្នុងគោលដៅឈានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ខណៈប្រភេទកីឡាបាល់ឱបកម្ពុជាក៏ត្រៀមលក្ខណៈនៃការទទួលធ្វើម្ចាស់ផ្ទះ SEA GAMES ឆ្នាំ២០២៣ ដូចគ្នាផងដែរ។
សម្រាប់ការប្រកួតក្រុមបាល់ឱប Rihno ឈ្នះមេដាយមាស ក្រុមបាល់ឱប Sisiwat Knights ទទួលបានមេដាយប្រាក់ និងក្រុមបាល់ឱបក្របីព្រៃ (Krabey Prey)ទទួលបានមេដាយសំរិទ្ធ ចំណែកក្រុមនារី គឺក្រុមបាល់ឱប Childfund Reconnect ដណ្តើមបានមេដាយមាស និងក្រុមបាល់ឱបបាត់តំបង FC ទទួលបានមេដាយប្រាក់៕
ដោយ៖លី ភីលីព