ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសរៀបចំវគ្គបណ្តុះបណ្តាល មន្ត្រីគណៈកម្មការបច្ចេកទេស ដឹកនាំការប្រកួតកីឡាហែលទឹកថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ រៀបចំដោយសហព័ន្ធ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់តាមអនឡាញថា វគ្គបណ្តុះបណ្តាលខាងលើនេះ ក្នុងគោលបំណងចង់ពង្រឹងសមត្ថភាព ចំណេះដឹងរបស់មន្ត្រី គណៈកម្មការទាំងអស់ របស់សហព័ន្ធខ្មែរ កីឡាហែលទឹកជាមួយ នឹងលោកគ្រូឧទ្ទេស ដែលមានបទពិសោធន៍ និងជាមន្ត្រី គណៈកម្មការបច្ចេកទេសអន្តរជាតិ ទទួលស្គាល់ ដោយសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ដើម្បីយកមកចែករម្លែកបង្ហាត់បង្រៀន នូវបច្ចេកទេស ។
លោកបានបន្តថា ក៏ដូចជាបទបញ្ហាថ្មីៗ ដែលបានកែប្រែជារៀងរាល់ឆ្នាំ ជូនទៅដល់សិក្ខាកាមទាំងអស់ បានសិក្សាស្វែងយល់ និងយកទៅអនុវត្តផ្ទាល់ ដើម្បីត្រៀមខ្លួន ចូលរួមដឹកនាំការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ “SEA GAMES 2O23” លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ វគ្គបណ្តុះបណ្តាលខាងលើនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕ ដោយ៖លី ភីលីព


