កីឡា

ប្រទេស​ណាមួយ ក្នុងតំបន់អាស៊ី ដែល​បាន​ចូល​លេង​ក្នុង​ World Cup មុនគេ?

ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​មក​ទល់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន ២១​លើក​ហើយ តាំង​ពី​បង្កើត​នៅ​ឆ្នាំ​១៩៣០​មក។ នៅ​ពេល​បង្កើត​ឡើង​ដំបូង​ៗ មិន​មាន​ប្រទេស​អាស៊ី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ ដោយ​គេ​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ១៩៣៨ ទើប​មាន​ប្រទេស​អាស៊ី​ទី១ បាន​ចូលរួម​ប្រកួត។

ប្រទេស​នោះ​ស្ថិត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​គឺ ​ឥណ្ឌា​ខាង​កើត​ហុល្លង់ ដែល​បច្ចុប្បន្ន​ឥណ្ឌូណេស៊ី។ នៅ​ពេល​នោះ​ ប្រទេស​អាស៊ី​ជា​ច្រើន​បាន​ដក​ខ្លួន​ចេញ​ពី​វគ្គ​ជម្រុះ ដែល​ក្នុង​នោះ​មាន​ ជប៉ុន​ និង​ចិន​ ដោយ​ប្រទេស​ទាំង​ពីរ​នេះ​ជាប់​ធ្វើ​សង្គ្រាម​នឹង​គ្នា។

ឥណ្ឌា​ខាង​កើត​ហុល្លង់​ ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​សហរដ្ឋអាមេរិក​ តែ​សហរដ្ឋអាមេរិក​ក៏​ដក​ខ្លួន​ចេញ​ពី​វគ្គ​ជម្រុះ​ទៅ​ទៀត។ ហេតុនេះ​ហើយ​ ប្រទេស​អាស៊ី​មួយ​នេះ​ក៏​ឡើង​ទៅ​លេង​ World Cup នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ​ ១៩៣៨​តែ​ម្ដង។

ក្នុង​ពេល​នោះ​ដែរ​ ក្រុម​ជម្រើស​ជាតិ​មួយ​នេះ បាន​ធ្វើ​ដំណើរ​តាម​កប៉ាល់​ទៅ​ប្រទេស​បារាំង​​ ដោយ​ចំណាយ​ពេល​ជា​ច្រើន​សប្ដាហ៍។ យ៉ាង​ណា​ក៏​ដោយ​ ប្រទេស​មួយ​នេះ​លេង​ប្រកួត​តែ​មួយ​គត់​ក្នុង​ World Cup ដែល​ប៉ះ​នឹង​ប្រទេស​ហុងគ្រី។ នៅ​ពេល​នោះ​ ហុងគ្រី​បាន​យក​ឈ្នះ​ឥណ្ឌា​ខាង​កើត​ហុល្លង់​ ក្នុង​លទ្ធផល​ ៦ ទល់​នឹង​ ០។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ចាប់​ពី​ពាក់​កណ្ដាល​សតវត្ស​ទី ១៩ រហូត​ពាក់​កណ្ដាល​សតវត្ស​ទី ២០ ប្រទេស​ហុល្លង់​បាន​ដាក់​ប្រជុំ​កោះ​ឥណ្ឌូណេស៊ី​ជា​តំបន់​អាណានិគម​ខ្លួន ហើយ​ឲ្យ​ឈ្មោះ​តំបន់​នេះ​ថា​ ឥណ្ឌា​ខាង​កើត​ហុល្លង់។

មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ ការ​ចូល​រួម​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​ ១៩៣៨ របស់​ឥណ្ឌា​ខាង​កើត​ហុល្លង់​នេះ ជា​ការ​បង្ហាញ​ពិភពលោក​ពី​ការ​ចង់​បាន​ឯករាជ្យ​របស់​ប្រជាជាតិ​ឥណ្ឌូណេស៊ី​ពី​ហុល្លង់​នៅ​ជំនាន់​នោះ៕

ប្រភព៖sabay

Most Popular

To Top