កីឡា

គ្រូបង្វឹកប្រដាល់សកលកម្ពុជា មកបន្ថែមក្បាច់គុន ជាមួយអ្នកជំនាញបរទេស រយៈពេល៣ថ្ងៃ

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតថ្នាក់ជាតិរយៈពេល៣ថ្ងៃនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីពង្រឹងពង្រឹកសមត្ថភាពបន្ថែមដល់គ្រូបង្វឹកកម្ពុជា៣១នាក់ឲ្យទទួលបានលទ្ធផលល្អត្រៀមការប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិនានា។


លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាគូសបញ្ជាក់ថា វគ្គនេះមានសិក្ខាកាមចូលរួមចំនួន៣១នាក់មកពីក្លិបកីឡាប្រដាល់សកលនៃរាជធានីខេត្តនានា ដើម្បីគោលដៅពង្រឹងគុណភាពគ្រូបង្វឹកទាំងអស់កាន់តែរឹងមាំបន្ថែមទៀត រួមចំណែកការអភិវឌ្ឍប្រភេទកីឡាជំនាញមួយនេះឲ្យកាន់តែប្រសើរបន្ថែមផងដែរ។ គ្រូបង្វឹកដែលមានសមត្ថភាពល្អនឹងយកចំណេះដឹងទៅបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីឲ្យកាន់តែមានបច្ចេកទេសខ្ពស់ៗត្រៀមចូលរួមប្រកួតប្រជែងកីឡាប្រដាល់សកលប្រចាំសប្តាហ៍ និងព្រឹត្តិការណ៍ផ្សេងៗ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។


លោកបន្តថា គ្រូឧទ្ទេសប្រចាំវគ្គគ្រូបង្វឹកកម្រិតជាតិនេះលោក Russell Stutely ជនជាតិអង់គ្លេសមានបទពិសោធន៍ខ្ពស់រយៈពេល ៤០ឆ្នាំមកហើយលើប្រភេទកីឡាប្រដាល់សកលនេះ។ តាមរយៈវគ្គបណ្តុះបណ្តាលគ្រូបង្វឹកនេះ លោកដាក់ក្តីរំពឹងថា សិក្ខាកាមជាគ្រូបង្វឹកទាំងអស់នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍប្រភេទកីឡាប្រដាល់សកលកម្ពុជាឲ្យកាន់តែរីកម្រើន ខណៈការបង្រៀននេះមានការសិក្សាទាំងផ្អែកទ្រឹស្តី និងការអនុវត្តដោយផ្ទាល់ផងដែរ៕

ដោយ៖លី ភីលីព

Most Popular

To Top