ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់គោលបំណងនៃការរៀបចំពានរង្វាន់នេះឡើងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីស្រឡាញ់ ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព ជូនទៅដល់យុវជននៅតាមបណ្តាក្រុងស្រុក យុវជនដែលជាមន្ត្រីរាជការជុំវិញខេត្ត ក៏ដូចជាយុវជនក្នុងសហគ្រិន ស្ថិតក្នុងវិស័យឯកជននៅក្នុងខេត្តទាំងមូល។

លោកអភិបាលខេត្តកណ្ដាលបានលើកឡើងក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្តស្ថិតក្នុងក្រុងតាខ្មៅដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី២ កុម្ភៈដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។
លោកបានបន្តថា រាល់ការប្រកួតកីឡាតែងតែមានភាគីម្ខាងឈ្នះ និងភាគី ម្ខាងទៀតចាញ់ទោះបីភាគីណាមួយទទួលបានលទ្ធផលឈ្នះ ឬចាញ់ក៏ដោយ ក៏វាបានបង្ហាញពីភាពជោគជ័យរួមរបស់យើងទាំងអស់គ្នា ក្រោមការចូលរួម និងគាំទ្រពីសំណាក់ស្រទាប់យុវជននៅតាមបណ្ត ក្រុង-ស្រុក មន្រ្តីរាជការ ជុំវិញខេត្ត ក៏ដូចជាវិស័យឯកជននៅខេត្តកណ្តាលដើម្បីញ៉ាំងឲ្យពិធីនេះប្រព្រឹត្តទៅបានដោយភាពអធិកអធម សប្បាយរីករាយ ។ លោកក៏បានទ្រ និងអំពាវនាវដល់គ្រប់រដ្ឋបាលក្រុង-ស្រុក អង្គភាពជំនាញជុំវិញខេត្ត ក៏ដូចជាវិស័យ ឯកជន និងអ្នកពាក់ព័ន្ធទាំងអស់បំផុសចលនាចូលរួមលេងកីឡាឲ្យបានច្រើន ជាពិសេសប្រជាជនម្នាក់ចូលរួមលេងកីឡាមួយប្រភេទ ដើម្បីសុខភាពខ្លួនឯង ក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមជាតិ។

លោកអភិបាលខេត្តបានលើកទឹកចិត្តក្រុមកីឡាករទាំងអស់ត្រូវបង្កើនសមត្ថភាពហ្វឹកហាត់ឲ្យបានខ្លាំងក្លាថែមទៀត ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ឲ្យកាន់តែមានភាពរីកចម្រើន និងពូកែដើម្បីទទួលបានជ័យជំនះក្នុងការប្រកួត។
លោក ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលឆ្នាំ២០២២ និងជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាលប្រាប់ឲ្យដឹងថា ក្រុមចំណាត់ថ្នាក់លេខ១ទទួលបានពានចំនួន០១ទង់ចំណាត់ថ្នាក់លេខ១ ចំនួន មេដាយមាស ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ១២ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន០១ មេដាយប្រាក់ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៨ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន០១ មេដាយសំរិទ្ធ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៦ លានរៀល។

ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣ លានរៀល។ ដោយឡែកក្រុមមានវិន័យល្អ(ក្រុមFair Play) ទទួលបានពានចំនួន០១ ទង់Fair Play ចំនួន០១ និងទឹកប្រាក់ចំនួន ៣ លានរៀល។ កីឡាករទាត់ចូលទីបានច្រើនជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ អ្នកចាំទីល្អជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានមេដាយមាសចំនួន០៤ ទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។

សូមជម្រាបបន្ថែមដែរថា ការប្រកួតនេះគឺចាប់ផ្តើមពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមាន១៨ក្រុម និងបានបែងចែកចេញ ជា៤ពូលគឺ ពូលA ពូលB ពូលC ពូលD ក្នុង១ពូលមាន៤ក្រុម និង៥ក្រុម (យោងទៅតាមការចាប់ឆ្នោត)។ រីឯការប្រកួតគឺអនុវត្តទៅតាមការប្រកួតសន្សំពិន្ទុ ដោយគ្រប់ក្រុមក្នុងពូលនីមួយៗអាចជួបប្រកួតគ្នាគ្រប់ក្រុម នៅក្នុងពូល និងមានការសម្រាក១ថ្ងៃយ៉ាងតិចទើបមានការប្រកួតបន្ត ដើម្បីសម្រួលដល់ក្រុមកីឡាករ មានពេលឈប់សម្រាក និងរៀបចំយុទ្ធសាស្ត្រក្នុងការប្រកួតប ដោយអស់ចិត្តសម្រាប់កីឡាករ និងក្រុមដែលបានចូលរួមប្រកួត៕
ដោយ៖លី ភីលីព
