កីឡា

កីឡាការិនី វាយកូនបាល់ចិន Peng Shuai បដិសេធម្តងទៀត ពីការរំលោភផ្លូវភេទ ក្នុងបទសម្ភាសន៍

ចិន ៖ កីឡាការិនីវាយកូនបាល់ ជនជាតិចិន នាង Peng Shuai បានបដិសេធជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់ ពីបទរំលោភផ្លូវភេទ នៅក្នុងបទសម្ភាសន៍លើកដំបូង របស់នាងជាមួយប្រព័ន្ធ ផ្សព្វផ្សាយ លោកខាងលិច ចាប់តាំង ពីនាងបានចោទប្រកាន់ មេដឹកនាំគណបក្សចិនថា បានបង្ខិតបង្ខំនាងឲ្យរួមភេទ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ BBC ។

កីឡាការិនី Peng បាននិយាយទៅកាន់កាសែតបារាំង L’Equipe នៃព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងា នៅទីក្រុងប៉េកាំងថា នាងបានបង្កឲ្យមានការ ព្រួយបារម្ភជាសកល កាលពីឆ្នាំមុន នៅពេលនាងបានបាត់ខ្លួន ពីទិដ្ឋភាពសាធារណៈ មួយរយៈពេលខ្លី បន្ទាប់ពីការបង្ហោះ តាមអ៊ីនធើណេត ។
នាងបានច្រានចោលការ ព្រួយបារម្ភនេះ ហើយនិយាយថា នាង កំពុងរស់នៅធម្មតា ។
ក្នុងបទសម្ភាសន៍ កាលពីថ្ងៃអាទិត្យ ត្រូវបានផ្តល់ឲ្យកាសែត បារាំង បន្ទាប់ពីមានការអនុញ្ញាត ពីគណៈកម្មាធិការ អូឡាំពិកចិន ដែលតំណាង របស់លោកក៏បានអង្គុយ នៅក្នុងកិច្ចប្រជុំក្នុងបន្ទប់សណ្ឋាគារ ។ អំឡុងពេលសម្ភាសន៍ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ បានបង្ហាញថា នាងទំនងជាមិនត្រឡប់មកសង្វៀន វាយកូនបាល់អាជីពវិញឡើយ ដោយសាររបួសពីមុន និងការរំខាន នៃជំងឺរាតត្បាត ៕ ដោយ៖លី ភីលីព

Most Popular

To Top