កីឡា

លោក សាយ ណូរ៉ា ៖ វគ្គនេះធ្វើឡើង ដើម្បីការប្រមែលប្រមូល នូវធនធានអាជ្ញាកណ្ដាល – ចៅក្រម ឲ្យមានសក្តានុពល

ភ្នំពេញ ៖ លោក សាយ ណូរ៉ា អនុប្រធានសហព័ន្ធកីឡា ការ៉ាតកម្ពុជា និងលោក ប៉ែន វុទ្ធី អនុប្រធាន ទទួលបន្ទុករួមនាយកដ្ឋាន អប់រំកាយ និងកីឡា នាថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញ ចូលរួមពិធីប្រគល់សញ្ញាប័ណ្ណ ដល់សិក្ខកាមវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល-ចៅក្រម ការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២១នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក សាយ ណូរ៉ា បានមានប្រសាសន៍ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានរៀបចំ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល-ចៅក្រមការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ សមត្ថភាពអាជ្ញាកណ្ដាល ចៅក្រមការ៉ាតេ ថ្នាក់ជាតិ ក៏ដូចជាការ ប្រមែលប្រមូល នូវធនធានអាជ្ញាកណ្ដាល-ចៅក្រម ឲ្យមានសក្តានុពល ដើម្បីត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាការ៉ាតេជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ នាខែមីនា ឆ្នាំ២០២២ និងត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះ កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្តដំបូងរបស់កម្ពុជា ។

លោក ប៉ែន វុទ្ធី ក៏បានមានប្រសាសន៍ថា តាងនាមនាយកដ្ឋានអប់រំកាយ និងកីឡា ដែលជាសេនាធិការរបស់ក្រសួង អប់រំ យុវជន និងកីឡា បង្ហាការសាទរ ចំពោះសហព័ន្ធកីឡា ការ៉ាតេកម្ពុជា ដែលបានរៀបចំ វគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីកសាង សមត្ថភាពចៅក្រម អាជ្ញាកណ្តាល សម្រាប់បម្រើ ដល់ការប្រកួតថ្នាក់ ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ខណៈសហព័ន្ធកីឡាជាតិចំនួន៤២ ដែលទទួលបានថវិកាគំាទ្រពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២១ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ។

ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបាន សម្រេចធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២។ នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា ។ មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតគណៈកម្មាធិការ ជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC) បានកំណត់ប្រភេទកីឡា ដែលត្រូវដាក់បញ្ចូលក្នុង ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប្រភេទកីឡាដែលត្រៀមដាក់បញ្ចូលផងដែរ ។

លោកបន្តថា ថ្វីដ្បិតតែចំនួនថវិកាទាំងនេះ មិនទាន់ឆ្លើយតបទៅលើការ ចំណាយទាំងស្រុងរបស់សហព័ន្ធក៏ពិតមែន ប៉ុន្តែក៏អាចសម្រួលដល់ សហព័ន្ធក្នុងកិច្ចការចម្បងៗ មួយចំនួនធំផងដែរ។ ស្នើសុំឱ្យសហព័ន្ធកៀរគរ ស្វែងរកដៃគូ អ្នកឧបត្ថម្ភ សប្បុរសជនជួយគាំទ្របន្ថែម ទៀតដើម្បីបំពេញបន្ថែមលើថវិកា របស់ក្រសួងនេះ។ បន្ថែមពីលើនេះ ក្រសួងក៏បានប្រមូលផ្ដុំកីឡាករ កីឡាការិនី ជម្រើសជាតិ ធ្វើការហ្វឹកហាត់ និង ផ្ដល់ថវិកាឧបត្ថម្ភប្រចាំខែ និងផ្ដល់ប្រាក់រង្វាន់ តាមអនុក្រឹត្យ និងប្រកាសអន្តរ ក្រសួងនៅពេល ទទួលបានជ័យលាភី ពីកាប្រកួតលក្ខណៈអន្តរជាតិនានាផងដែរ ៕ដោយ៖លី ភីលីព

Most Popular

To Top